យោងតាមលទ្ធផលឆ្នោតបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត “គ.ជ.ប” កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណមួយថ្ងៃកន្លងមកឱ្យដឹងថា រវាងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយគ្រប់គ្រងអំណាច ផ្ដាច់មុខនៅកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់ នៅកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រមិនឈ្នះ ចាញ់គ្នាដាច់ឆ្ងាយប៉ុន្មានឡើយ ខណៈដែលគណបក្សប្រជាជនកម្ពុជាប្រកាសថា គណបក្សរបស់ខ្លួនជាអ្នកឈ្នះឆ្នោតទទួលបានអាសនៈនៅក្នុងរដ្ឋសភា នីតិកាលទីថ្មីក្នុងចំនួនភាគច្រើនដាច់ខាត រីឯ ណបក្សសង្គ្រោះជាតិក៏បានប្រកាសថា គណបក្សរបស់ខ្លួនទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលថ្មីយ៉ាងតិច៦៣ អាសនៈ ។
ក្នុងស្ថានភាពគណបក្សនយោបាយធំនៅកម្ពុជាទាំងពីរទទួលបានសំឡេង ឆ្នោតគាំទ្រប្រកៀកប្រកិតគ្នា និងគណបក្សនយោបាយនីមួយៗក្នុងចំណោមគណបក្សទាំងពីរនេះប្រកាសថា ឈ្នះឆ្នោតរៀងៗខ្លួនដូច្នេះ ទើបនាំឱ្យគណបក្សសង្គ្រោះជាតិស្នើសុំទៅ គ.ជ.ប ឱ្យមានការបង្កើតជាគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតអំពីភាព មិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ ។
សំណើរបស់ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព ត្រូវបានឯកភាពយល់ព្រមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាច និងជាបុរសខ្លាំងនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែលគណបក្សសង្គ្រោះជាតិក៏បានបើកយុទ្ធនាការប្រមូលឯកសារ និងព័ស្ដុតាងទាក់ទងទៅនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជាបណ្ដើរៗ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣នេះតទៅ ។
ការបន្ទន់ឥរិយាបទរបស់“សម្ដេចតេជោសែន” យល់ព្រមទៅលើសំណើរបស់ឯកឧត្ដម សម រង្ស៊ី គឺបាន បន្ធូរបន្ថយស្ថានការណ៍នៃការគំរាមធ្វើបាតុកម្មទូទាំងប្រទេសរបស់ គណបក្សសង្គ្រោះជាតិប្រឆាំងនឹងលទ្ធផលឆ្នោត ដែលអាចនាំឱ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផង និងបណ្ដាលឱ្យមានភាព ចលនាចលក្នុងសង្គមជាតិទាំងមូលផង ។
ឥរិយាបទទោរទន់រកគ្នារវាង“សម្ដេចតេជោសែន” និងឯកឧត្ដម សម រង្ស៊ី នាកាលៈទេសៈដ៏សំខាន់នេះ គឺបានបង្ហាញអំពីភាពវិជ្ជមាន ឬភាពជាផ្លែផ្កានៃការអនុវត្ដន៍ស្មារតីបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិនៅកម្ពុជា ដែលស្មារតីនេះធ្លាប់បានអនុវត្ដន៍ចាប់តាំងពី១៩៩៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី១“១៩៩៣-១៩៩៨” រៀបចំដោយអ៊ុនតាក់“UNTAC”មកម្ល៉េះ ។ ការបោះឆ្នោតជាបន្ដបន្ទាប់មកទៀតនៅអាណត្ដិទី២“១៩៩៨-២០០៣” និងអាណត្ដិទី៣“២០០៣-២០០៨” ក៏អ្នកនយោបាយខ្មែរបានអនុវត្ដន៍ស្មារតីបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិជាហូរហែមកដែរ ទើបអាចដោះស្រាយវិបត្ដិជាប់គាំងនយោបាយនៅកម្ពុជាបាន ។
ដោយឡែក នៅមុនពេលនិងក្រោយពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាល ទី៥ឆ្នាំ២០១៣នេះ តារានយោបាយខ្មែរពីរដួងដែលកំពុងរះលើឆាកនយោបាយនោះ គឺ“សម្ដេចតេជោសែន” និងឯកឧត្ដម សម រង្ស៊ី បានអនុវត្ដន៍ស្មារតីបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិចាប់តាំងពីក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត មកម្ល៉េះ “សម្ដេចនាយករដ្ឋមន្ដ្រីធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រស្នើសុំ លើកលែងទោសឱ្យឯកឧត្ដម សម រង្ស៊ី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ទើបអាចនាំឱ្យឯកឧត្ដម សម រង្ស៊ី ធ្វើមាតុភូមិនិវត្ដន៍វិលចូលមកស្រុកទេសវិញបានដោយសុវត្ថិភាព និងគ្មានការរំខាន” និងឯកឧត្ដម សម រង្ស៊ី ក៏បានប្រើពាក្យយោងលើស្មារតីបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិនេះជាច្រើនដងផងដែរ ពេលធ្វើ លិខិតផ្លូវការគោរពជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ស្នើសុំផ្ដល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ដ្ររបស់ឯកឧត្ដមវិញ និងលិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ដដែល គោរពជូនឯកឧត្ដម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្នើសុំធ្វើនិយ័តកម្មស្ថានភាពគតិយុត្ដរបស់ឯកឧត្ដមឡើងវិញ ដើម្បីទទួលបានសិទ្ធិបោះ ឆ្នោត និងឈរឈ្មោះបោះឆ្នោត ។
អនុលោមតាមភាពចាស់ទុំី ដើមត្នោតផ្នែកនយោបាយរបស់អ្នកនយោបាយខ្មែរ និងក្នុងស្ថានភាពវិវឌ្ឍន៍ថ្មីៗនៃស្ថានការណ៍នយោបាយនៅកម្ពុជានោះ គឺការបោះឆ្នោតជាតិឆ្នាំ២០១៣នេះគ្មានភាពជាប់គាំងផ្នែកនយោបាយ ក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ខាងមុខនេះឡើយ ដោយសារថ្នាក់ដឹកនាំរបស់គណបក្សនយោបាយទាំងពីរដែលបានទទួលអាសនៈនៅ ក្នុងរដ្ឋសភានីតិកាលថ្មី អនុវត្ដន៍នូវស្មារតី យោគយល់គ្នា បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ។
សរុបសេចក្ដីមក ការបង្រួបបង្រួមជាតិនិងការផ្សះផ្សាជាតិ គឺជាដំណោះស្រាយដ៏ល្អប្រសើរ និងពេញ និយមនៅក្នុងឆាកនយោបាយកម្ពុជា ៕
ប្រភពពី ដើមត្នោត