មាន​ករណី​បំផ្ទុះ​គ្រាប់​កក្រើក​ទាំង​យប់​នៅ​ក្បែរ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ

by sovanmony  |  in ពត៌មានជាតិ at  6:52 PM

 bom
​មាន​ករណី​បំផ្ទុះ​គ្រាប់​កក្រើក​ទាំង​យប់​ក្បែរ​ទីតាំង​សាលាដំបូង​ រាជធានី​ភ្នំពេញ​ និង​ទីតាំង​ធនាគារ​អេ​ស៊ី​លី​ដា​ ឋិតនៅ​ផ្លូវ​លេខ​២១៣​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​០១​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ភ្ញាក់​ពី​ដំណេក​ភ័យ​ស្លន់ស្លោ​ទាំង​ព្រលឹង​ចុង​សក់​ ។​
កម្លាំង​គ្រាប់​ផ្ទុះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​បង្អួច​កញ្ចក់​ធនាគារ​អេ​ ស៊ី​លី​ដា​ ដែល​មាន​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ និង​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​របង​ខ្លោងទ្វារ​នៃ​តុលាការ​សាលាដំបូង​ រាជធានី​ភ្នំពេញ​មួយ​ផ្នែក​ ព្រមទាំង​កញ្ចក់​ បង្អួច​ និង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​នៅ​ជាប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ ទីតាំង​កន្លែង​កើតហេតុ​ផង​ដែរ​ ។​
​ក្នុង​ដំណាក់កាល​ជំហាន​ដំបូង​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​មិន​ទាន់​អាច​វាយតម្លៃ​សន្និដ្ឋាន​បាន​ថា​ គ្រាប់​ដែល​គេ​ដាក់​បំផ្ទុះ​ឱ្យ​ឮ​សូរ​កក្រើក​ទាំង​យប់​ តែ​មិន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ម្នា​នេះ​ ជា​ប្រភេទ​គ្រាប់​អ្វី​ពិតប្រាកដ​ និង​មានមុខ​សញ្ញា​ច្បាស់លាស់​នៅឡើយ​ទេ​ ខណៈ​ដែល​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​វត្ដមាន​ឯកឧត្ដម​ ជីវ​ កេង​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ឧត្ដមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ សុខ​ រឿ​ន​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ ។​
ទោះ​យ៉ាងណា​ មជ្ឈដ្ឋាន​ដែល​បាន​ទៅ​អង្កេត​ដល់​កន្លែង​កើតហេតុ​ទាក់ទង​នឹង​ករណី​បំផ្ទុះ​ គ្រាប់​ឱ្យ​ឮ​សូរ​កក្រើក​ទាំង​យប់​នេះ​ បាន​និយាយ​ថា​ នេះ​គឺជា​សកម្មភាព​មួយ​ដែល​ធ្វើ​ឱ្យ​មាន​បរិយាកាស​វឹកវរ​ និង​ជ្រួល​ច្របល់​នៅ​មុន​ពេល​ដែល​គណបក្ស​នយោបាយ​ប្រឆាំង​ប្រកាស​ព្រមាន​ ទុកជា​មុន​ថា​ នឹង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ ក្នុង​ករណី​ដែល​មិន​មាន​ដំណោះស្រាយ​សម​ស្រប​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ លើការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ ​បោះ​ឆ្នោត​ ហើយ​ក៏​ជា​រូបភាពមួយចាត់​ទុកជា​ការ​បំភិតបំភ័យ​ទៅ​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ​នៅ​មុន​ពេល​ប្រកាស​លទ្ធផល​ស្ថាពរ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ​នីតិកាល​ទី​៥​ផង​ដែរ​ ៕
07-08-13
ប្រភពពី ដើមត្នោត

Proudly Powered by Blogger.