លោក​ សយ​ សុភាព​ ថៅកែ​កាសែត​ដើម​អម្ពិល​ឈ្នះក្តី​លោក​ ទូច​ គង្គា​ ថៅកែ​កាសែត​នគរវត្ត​និង​ជា​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស

by sovanmony  |  in ពត៌មានជាតិ at  8:05 PM

 Touch-Kongkea-vs-soy-sopheapsss
សំណុំរឿង​ក្ដី​ដ៏​ក្ដៅ​គគុក​រវាង​លោក​ សយ​ សុភាព​ ចាងហ្វាង​កាសែត​ដើម​អម្ពិល​និង​ជា​អ្នកវិភាគ​ព័ត៌មាន​ នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជាមួយ​ លោក​ ទូច​ គង្គា​ ថៅកែ​កាសែត​នគរ​វត្ដ​និង​ជា​នាយការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​ស្នងការដ្ឋាន​ ព័ត៌មាន​និង​សន្ដិសុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​នោះ​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ ដែល​មាន​លោក​ ប្លង់​ សំណាង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​មាន​លោក​ព្រះរាជអាជ្ញា​ តាន់​ សេណា​រ៉ុ​ង​ ជា​តំណាង​មហាអយ្យការ​ បាន​ប្រកាស​សាលដីកា​នៅ ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ បន្ទាប់​ពី​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ដោយ​សម្រេច ​បដិសេធ​បណ្តឹងឧទ្ធរណ៍​របស់​លោក​ ទូច​ គង្គា​ និង​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ ​
សូម​បញ្ជាក់​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១១​ លោក​ ទូច​ គង្គា​ បាន​ប្ដឹង​លោក​ សយ​ សុភាព​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​បរិហារកេរ្ដិ៍​ និង​បទ​ប៉ះពាល់​ដល់​ការ​ឆ្លើយឆ្លង​តាម​លិខិត​ “​សារ​អេ​ឡិច​ត្រូ​និ​ច​”​ ដោយ​ទាម​ទារជំងឺចិត្ដ​ពី​លោក​ សយ​ សុភាព​ ស្មើនឹង​ទឹកប្រាក់​ចំនួន​៥.០០០“​ប្រាំ​ពាន់​”​ ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ផង​ ។​ ​
ដោយ​ឥទ្ធិពល​របស់​លោក​ សយ​ សុភាព​ ខ្លាំង​មហិមា​ក្នុង​នាម​ជា​ថៅកែ​កាសែត​ដើម​អម្ពិល​ផង​ ជា​អ្នក​ វិភាគ​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​សម្ដេច​នាយក​ រដ្ឋមន្ដ្រី​ផង​ និង​ជា​អ្នក​ទទួល​ចំហាយ​ អំណាច​ពី​“​សម្ដេច​តេ​ជោ​សែន​”​ បុរស​ខ្លាំង​នៃ​កម្ពុជា​ផង​ ទោះបី​មាន​បណ្ដឹង​របស់​លោក​ ទូច​ គង្គា​ បែប​នេះ​ ក្ដី​ ក៏​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​ហ៊ាន​ចេញ​ដីកាឃុំខ្លួន​លោក​ សយ​ សុភាព​ ដែល​ជា​ ជន​ត្រូវ​ចោទ​នៅ​តុលាការ​នោះ​ទេ​ ហើយ​ក៏​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ ឱ្យ​លោក​ សយ​ សុភាព​ ជា​ជនជាប់ចោទ​បាន​រួច​ផុត​ពី​បទចោទប្រកាន់​ថែម​ទៀត​ ។​ ប៉ុន្ដែ​ការ​សម្រេច​របស់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​លោក​ ទូច​ គង្គា​ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ ដាក់​ពាក្យបណ្ដឹង​ទៅ​សា​ លា​ឧទ្ធរណ៍​បន្ដ​ទៀត​ ទើប​បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៥៧​ ចុះ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១២​ របស់​សាលាឧទ្ធរណ៍​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៣​បន្ថែម​)​ ។​ ​
ការ​ប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​វេលា​ព្រឹក​នេះ​ គឺ​បន្ទាប់​ពី​ការិយាល័យ​ធ្វើការ​កាសែត​ដើម​អម្ពិល​របស់​លោក​ សយ​ សុភាព​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​នូវ​អគារ​អស់​ចំនួន​ពាក់កណ្តាល​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ដូច​ជា​កុំព្យូទ័រ​អស់​ចំនួន​១១​គ្រឿង​ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៣​ម្សិលមិញ​ ។​ ​
ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​លោក​ សយ​ សុភាព​ គ្រប់​ករណី​ ត្រូវ​បាន​ប្រិ​យ​មិត្ដ​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​“Faecbook”​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ នាំ​គ្នា​ចង​ចាំ​ទុក​មិន​ភ្លេច​ទាល់តែ​សោះ​ ដោយសារ​ការ​ចុះ​ផ្សាយ​ព័​ត៌​ មាន​របស់​កាសែត​ដើម​អម្ពិល​ និង​ការ​វិភាគ​ព័ត៌មាន​របស់​បុរស​រូប​នេះ​នៅ​ក្នុង​ប៉ុស្ដិ៍​ទូរទស្សន៍​ បាយ័ន​ត្រូវ​បាន​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចោទប្រកាន់​ថា​ មាន​ភាព​លម្អៀង​ ខ្វះ​ភាព​ការ​ពិត​ត្រឹមត្រូវ​ផង​ និង​ដោយសារ​លោក​ សយ​ សុភាព​ ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា​ ធ្លាប់​បាន​និយាយ​អះអាង​ថា​ ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណ​ បក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​មាន​លទ្ធភាព​វិល​ចូល​ស្រុក​វិញ​បាន​ ប៉ុន្ដែ​បើ​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ស្រុក​ វិញ​បាន​មែន​នោះ​ គឺ​លោក​ សយ​ សុភាព​ នឹង​កោរ​ត្រងោល​ ។​ ឥឡូវ​ ឯកឧត្ដម​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​មាតុភូមិ​ និវត្ដន៍​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​១៥​ថ្ងៃ​ហើយ​ តែ​លោក​ សយ​ សុភាព​ មិន​ទាន់​បាន​ គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​ធ្វើការ​កោរ​ត្រងោល​នៅឡើយ​ ។​ ​
គួរ​រ​រំលឹក​បន្ដិច​ដែរ​ថា​ វត្ដមាន​របស់​លោក​ សយ​ សុភាព​ នៅ​ការិយាល័យ​បោះ​ឆ្នោត​សាលា​បឋម​សិក្សា​ វត្ដ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ដែល​ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​កន្លង​មក​ បាន​ទទួល​រង​ការ​ជេរប្រទេច​បរិហារ​រិះគន់​ ធ្ងន់ៗ​ និង​យ៉ាង​ចំៗ​ពី​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ ដោយ​ហៅ​លោក​ សយ​ សុភាព​ ថា​ ជា​អ្នកវិភាគ​ព័ត៌មាន​ ពី​ស​ទៅ​ខ្មៅ​ ព្រមទាំង​បាន​ចោទ​ជា​សួរ​ថា​ “​តើ​ពេល​ណា​ទើប​កោរសក់​?”​ចេញពី​មាត់​របស់​ប្រជាពលរដ្ឋ​ អ្នកបោះឆ្នោត​ដ៏​ច្រើន​កុះករ​(​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​បន្ថែម​)​ ៕
ប្រភពពី ដើមត្នោត

Proudly Powered by Blogger.