គ.ជ.ប បញ្ជាក់​ថា ខ្លួន​គ្មាន​លទ្ធភាព​បង្កើត​គណៈកម្មការ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥​ទេ

by sovanmony  |  in ពត៌មានជាតិ at  7:12 PM

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) បាន​បញ្ជាក់​ហើយ​ថា ចំពោះ​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្រ្ត​អាណត្តិទី៥​នោះ គឺ​ខ្លួន​គ្មាន​លទ្ធភាព​ទេ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គ.ជ.ប គ្មាន​លទ្ធភាព​បង្កើត​គណៈកម្មការ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះឆ្នោត ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប៉ុន្តែ គ.ជ.ប នឹង​ប្រើ​ប្រាស់​យន្ត​ការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ នោះ​គឺ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​និង​ភាគី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ផ្ញើ​របាយ​ការណ៍​ស្តីពី​​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត មក​កាន់ គ.ជ.ប ឬ​គណៈ​កម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី០២ សីហា​ស្អែក​នេះ រហូត​ដល់​ថ្ងៃទី០៦ សីហា។
គួ​ររំលឹក​ថា បន្ទាប់​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស ​តាំង​តំណាង​រាស្រ្ត​អាណត្តិទី៥ ដែល​បង្ហាញ​ថា គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​៥៥អាសនៈ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៦៨អាសនៈ​នោះ គណបក្ស​សង្រ្គោះជាតិ ​បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ​ឡើយ ព្រោះ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី២៨ កក្កដា នោះ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ច្រើន។ ក្នុង​នោះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទាមទារ​ឲ្យ​ គ.ជ.ប ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​ករណីមិន​ប្រក្រតី​ទាំង​នោះ ដោយ​មាន​ការ​ចូល​រួម​ពី​​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​ផង៕
ប្រភពពី fpmonline

Proudly Powered by Blogger.