ទស្សនៈ៖ បាតុកម្ម ឬ​កុបកម្ម​មិនត្រូវ​ក្លាយជា«ជម្រើស»ឡើយ

by sovanmony  |  in ពត៌មានជាតិ at  6:52 PM


 ky_soklim (1)
ភ្នំពេញ៖ បាតុកម្ម ឬ​កុបកម្ម​មិនត្រូវ​ក្លាយជា«ជម្រើស»សម្រាប់​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​ នៅក្រោយ​ការបោះឆ្នោត​ឡើយ។ ប្រពល​រដ្ឋ​ខ្មែរ​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដើម្បី​សេចក្តីសុខ​សន្តិភាព និង​ភាពសម្បូរ​សប្បាយ។ 
ការ​គំរាម​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិជារឿយៗ ការប្រកាស​ធ្វើបាតុកម្ម​តទល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅនឹង​បាតុករ​ របស់​គណបក្ស​ប្រឆាំង​វិញ (បន្លា​មុត យក​បន្លា​ជោះ)។ សារ ​ទាំងពីរ​នេះ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពភ័យខ្លាច​យ៉ាងខ្លាំង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី២៨ខែកក្កដា​ កន្លងមកនេះ។
ប្រជាពលរដ្ឋ​ខ្លះ​ខ្លាច នាំគ្នា​ទៅ​ដក​ប្រាក់​នៅក្នុង​ធន​គារ អ្នកខ្លះ​កក់​ប្រាក់​ទិញ​ដី​ហើយ លែង​ហ៊ាន​យក​វិញ អ្នកខ្លះ​មិន​ហ៊ាន​បញ្ជារ​ទិញ​ឥ​វ៉ាន់​បន្ត អ្នកខ្លះ​មិនទាន់​ហ៊ាន​បោះទុន​វិនិយោគ​បន្ត។ ពួកគេ​មិនទាន់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​ដោយសារតែ​ពួកគេ​រង់ចាំ​មើល​ការចចារ​ របស់​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ។
ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​និយាយថា បើ​បោះឆ្នោត​ហើយ​ពិបាក​យ៉ាង​ដូច្នេះ អាណត្តិ​ក្រោយ ពួកគេ​នឹង​ឈប់​ទៅ​បោះឆ្នោត​ហើយ។ បើ​បោះឆ្នោត​ហើយ អ្នក​ស្រលាញ់​អំណាច​មិនចេះ​ឯកភាពគ្នា ឬ​មិនចេះ​ចែក​អំណាច​គ្នា ហើយ​គិតតែ​ពី​ចង់​បង្ក«សង្គ្រាម»នោះ ពួកគេ​នឹង​អស់ជំនឿ​លើ​មេដឹកនាំ​ហើយ។
ពាក្យ​ថា «សង្គ្រាម» ឬ​ភាពចលាចល​ធ្វើអោយ​ប្រជាជន​ខ្មែរ​ចាប់ពី​អាយុ៤០ឡើងទៅ​នឹកឃើញ​ឡើងវិញ​ពី​ អតីតកាល​របស់​ខ្មែរ​ដែល​ធ្លាប់​ញាំញី​ទៅដោយ​សង្គ្រាម។     មិនមែន​តែ​ប្រជាពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់​ទេ​ដែល​ស្អប់​សង្គ្រាម​នោះ សូម្បីតែ​យុវជន និង​កុមារតូចៗក៏​ស្អប់​សង្គ្រាម​ដែរ។
នៅ​យប់​ថ្ងៃ​បោះឆ្នោត​ទី២៨ខែកក្កដា​ឆ្នាំ២០១៣កន្លងមកនេះ ស្ថានភាព​នៅ​ទីក្រុង​ភ្នំពេញ​មាន​ភាព​ច្រ​បូ​លក​ច្របល់​បន្តិច ពីព្រោះ គេ​សង្កេតឃើញ​មានការ​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​នៅតាម​ដងផ្លូវ។
ទិដ្ឋភាព​នេះ​បានធ្វើអោយ​ទីក្រុង​ភ្នំពេញ​ក្លាយទៅជា​ទីក្រុង​ ស្ងប់ស្ងាត់។ ស្ងប់ស្ងាត់​សម្បក​ក្រៅ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​ចង់ដឹង​ព័ត៌មានផ្សេងៗពាក់ព័ន្ធ​ទៅនឹង​ ស្ថានការណ៍ផ្សេង។
ក្នុងខណៈ​ពេលដែល​ស្ថានការណ៍​កំពុង​ច្របូកច្របល់ គេ​លឺ​សូរសំឡេង​ជជែក​គ្នា​រវាង​គ្រួសារ​មួយ៖«ពុក​មាន​បញ្ហា​អ្វី​កើតឡើង?»។ ឪពុក​ឆ្លើយ​វិញ​ថា៖«អាច​ផ្ទុះអាវុធ?»។ កូន​បន្ត៖«ពុក កូន​មិន​ត្រូវការ​សង្គ្រាម​ទេ កូន​ត្រូវការ​ពេលវេលា​រៀនសូត្រ កូន​ត្រូវការ ការប្រកួតប្រជែង​ជាមួយ​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត។ បើ​មាន​សង្គ្រាម​ខ្ញុំ​មិនអាច​បន្ត​ការសិក្សា​បានទេ»។
ឪពុក​ឆ្លើយតប៖«កុំ​ខ្លាច​ពេក នៅ​អោយ​ស្ងៀម»។ កូន​បន្ត៖«ពុក​ចេះតែ​ថា​មិន​អី ដោយសារ​ពុក​ចាស់​ហើយ ចំណែក​ខ្ញុំ ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ត្រូវ​ការសម្រេច​គោលដៅ​របស់ខ្ញុំ គឺ​ការសិក្សា»។ អ្វីដែល​កុមារា អាយុ ១៣ឆ្នាំ​រូបនេះ បាន​ជជែក​គ្នា​ជាមួយ​ឪពុក​របស់គេ​យ៉ាង​ដូច្នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនត្រូវ​ការ​ឡើយ​សង្គ្រាម និង​ភាពច្របូកច្របល់។
អ្នកនយោបាយ​ខ្មែរ ដែល​ត្រូវបាន​គេ​គិតថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ​នោះ​គួរ​តោង​គិតពី​បំណងប្រាថ្នា​របស់​ ប្រជាពលរដ្ឋ​ខ្លួនឯង​ផង ពោលគឺ​ចៀសវាង​គំនិត«ល្មោភ​អំណាច»បម្រើ​ផលប្រយោជន៍​អោយ​ក្រុមមនុស្ស​មួយ​ ក្តាប់​តូច ហើយ​រុញច្រាន​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​រាប់លាន​នាក់​អោយ​ធ្លាក់​ចូលទៅក្នុង​ភ្លើងសង្គ្រាម​ឬ​ ភាពចលាចល​នោះ។
បាតុកម្ម ឬ​កុបកម្ម ដែល​អាច​រុញច្រាន​អោយមាន​ភាពចលាចល ឬ​សង្គ្រាម​ផ្ទៃក្នុង​នៅក្នុង​ប្រទេស​នោះ មិនត្រូវ​ក្លាយជា«ជម្រើស»ឡើយ៕
ប្រភពពី  ថ្មីៗ

Proudly Powered by Blogger.