CNRP៖ កិច្ចចរចា​លើ​សំណើរ​បញ្ចូល​ UN ជា​អាជ្ញាកណ្តាល កំពុងដំណើរការ​​

by sovanmony  |  in ពត៌មានជាតិ at  9:48 PM

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ខ្លួន​កំពុង​បន្ត​ចរចា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សំណើរ​ទាមទារ​សមាសភាព​អង្គការសហប្រជាជាតិ ជា​អាជ្ញាកណ្តាល ក្នុង​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទុកពេល​ឲ្យ គ​.​ជ​.​ប និង​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​រឿងនេះ​។ លោក អះអាងថា យុត្តិធម៌​នឹង​មិន​អាច​មាន​ឡើយ ប្រសិន​បើ​ទុកឲ្យ គ​.​ជ​.​ប និង គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកដោះស្រាយ​បញ្ហា​នេះ​នោះ​ ៖ “យើង​កំពុងចរចាហើយ​តើ ពីព្រោះយើង​ចង់​បាន​អាជ្ញាកណ្ដាល​ អង្គការសហប្រជាជាតិ ហើយ​នឹង​ គ​.​ជ​.​ប ជា​អ្នក​សម្របសម្រួល​ បើ​ទុ​ក​ឲ្យ​ គជប ដោះស្រាយ​គណបក្សប្រជាជនដោះស្រាយ គឺមិនអាចរក​យុត្ដិធម៌ជូន​ប្រជាជន​បាន​ទេ ពីព្រោះគាត់​ទាំងពី​គឺ​ជាផ្នែក​នៃ​បញ្ហា មិនមែន​ជាផ្នែក​នៃដំណោះស្រាយ​ទេ យើង​​រងចាំមើល​សិនទៅ ពីព្រោះរឿងនេះ​គឺថា កំពុងតែដំណើរការទៅហើយ កំពុងតែទុក​ពេល​វេលាឲ្យ​គណ​បក្សប្រ​ជាជន និង គ​.​ជ​.​ប ជាអ្នកគិត​” ។
​អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា អះអាងថា មិន​មាន​ការប្រជុំ​ជា​ថ្មី​លើ​សំណើរ​នេះឡើយ ដោយហេតុ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិ សេធ​ចូលរួម​កាលពី​ថ្ងៃ​ចន្ទ ហេតុដូចនេះ គ.ជ.ប នឹង​បន្ត​អនុវត្ត​ការងារ​ទៅតាម​ច្បាប់ និង​ប្រតិទិន​ដែល​បាន​កំណត់​  ​៖ “ថ្ងៃមុន​ជជែក​គ្នាថា​ បង្កើត​ក្រុម​ការងារមួយហើយ​ គាត់​ដកថយ​ទៅ​វិញអញ្ចឹងទេ ដូចជា​ អត់​មានអីនេះ ព្រោះគាត់​បាន​ដកថយ​ គាត់ថា​មិនទាន់​ចូល​ប្រជុំ អញ្ចឹងទេ​អត់​មាន​ការ​ជជែក​​គ្នា​ឡើង​វិញទេ​ ដូចខ្ញុំជម្រាប​អញ្ចឹង​ យើង​រងចាំ​ការ​សម្រេច​របស់​គាត់​ ទន្ទឹម​នឹង​នេះ គជប អនុវត្ដការងារ​ខ្លួន មក​​​តាម​ច្បាប់​ តាមនីតិ​វិធី​ប្រតិ​ទិន​របស់​​ខ្លួន​” ។
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា ករណី​នៅ​តែ​មាន​បញ្ហា​ផ្ទៃក្នុង មិន​ទុកចិត្ត​គ្នា​ក្រោយ​ពី​បោះឆ្នោត​ហើយ​បែបនេះ គឺ​អាច​បង្ក​នូវមាន​អសន្តិសុខ​ដល់​សង្គម និង​ពលរដ្ឋ​។ លោក​ថា ជម្រើស​ដ៏​ល្អ​នោះ គឺ​គប្បី​ស្នើ​ឲ្យមាន​សមាសភាព​អង្គ​ការ​ស​ហ​​ប្រជាជាតិ ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ឯករាជ្យ​នេះ​ ​៖ “ខ្ញុំគិតថា ​ បញ្ហា​ដែល​កើ​តមាន​ឡើង​ នៅ​ពេល​ដែល​បញ្ហាផ្ទៃក្នុងមិនត្រូវបាន​ដោះស្រាយ​គឺមានតែរក​ភាគីផ្សេងទៀត ដូចជាអង្គការសហប្រជាជាតិ ព្រោះថា​កម្ពុជាក៏ជាប្រទេស​ សមាជិក​របស់​​អង្គការសហប្រជាជាតិ​ដែរ​ ដូច្នេះ​គួរតែព្រម​យក​នៅអ្វីដែល​ជា​សំណើរ អង្គការ​សហប្រជាជាតិ​ហ្នឹង មិនលម្អៀងអ្វីទេ សម្រាប់​កម្ពុជា អញ្ចឹងខ្ញុំ​គិតថា ជាមធ្យោបាយ​ល្អ បើសិនជា ផ្ដល់​ឱកាសដល់​អង្គការសហប្រជាជាតិ​” ។
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​លោកថា សមាជិក​តំណាងរាស្ត្រ​គណបក្សប្រឆាំង នឹង​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ ជា​ដាច់ខាត ប្រសិនបើ ពុំមាន​ដំណោះស្រាយ​សមរម្យ​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​
​ប៉ុន្តែ កាលពី​ថ្ងៃ​ទី​២ ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ការ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង គឺជា​រឿង​របស់​គេ​​។​ នាយក​រដ្ឋមន្ត្រី​បន្តថា បើសិនជា​គណបក្ស​ប្រឆាំង មិន​ចូលរួម​ប្រជុំ​រដ្ឋសភា លើកដំបូង មានន័យ​ថា តំណាងរាស្ត្រ​នោះ ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា ព្រះមហាក្សត្រ​ត្រូវ​កោះប្រជុំ​រដ្ឋសភា នីតិកាល​ថ្មី នៅ​រយៈពេល​យ៉ាង​យូរ ៦០​ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត​។ ដូច្នេះ​​អ្នក​មិន​​ចូលរួម​ប្រជុំ គឺ​ប្រឆាំងនឹង​ព្រះមហាក្សត្រ និង​ឆន្ទៈ​របស់​រាស្ត្រ ដែល​បាន​បោះឆ្នោតឲ្យ​។ លោកនាយក​រដ្ឋមន្ត្រី បន្តថា បើសិន​ជា​តំ​ណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម ហើយ​លាលែង គ​.​ជ​.​ប នឹង​យក​អាសនៈ​នោះ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានឈ្មោះ​នៅក្នុង​រដ្ឋសភា​៕
ប្រភព: VOD
yim-sovan-cnrp-vida-2013-08-06

Proudly Powered by Blogger.