លោក អុល សុខឡេង បានឲ្យដឹងតាមទូរស័ព្ទថា លោកកំពុងគេចខ្លួន ក្រោយពី ក្រុមពង្រឹងគណបក្សប្រជាជននោះតាមរកបងប្រុសរបស់លោកនិងគំរាមបាញ់ សម្លាប់រូបលោកនិងគ្រួសាររបស់លោក។ ការគំរាមនេះបានកើតឡើងកាលពីថ្ងៃទី២៩ខែកក្កដា។
លោកនិយាយថា៖ «គេចង្អុលមុខម៉ែឳខ្ញុំ ហើយស្រែកម្តងទៀតថា បើមិនប្រាប់ទេក្រុមគ្រួសារមីងឯង សម្លាប់ចោលទាំងគ្រួសារ។ ខ្ញុំក៏ស្ទុះទៅទាញទូរស័ព្ទថតសកម្មភាពទាំងនោះ ហើយក្រុមគេ២នាក់ក៏ស្ទុះមកទាញទូរស័ព្ទខ្ញុំ បម្រុងនឹងកំទេចចោល។ គេក៏ដកកាំភ្លើងរកបាញ់ខ្ញុំ។ តែខ្ញុំរត់រួច»។
យោងតាមលោកអុល សុខឡេងបានឲ្យដឹងថា បញ្ហានេះជាទាក់ទងនឹងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
នៅថ្ងៃនោះបងប្រុសលោកបានចេញមុខហាមឃាត់ និងតវ៉ាមិនឲ្យក្រុមមនុស្សចំនួន៦ឡានដែលគេបានដឹកមកឲ្យបោះឆ្នោត នៅក្នុងមណ្ឌលរបស់លោក ហើយអ្នកទាំងនោះមិនមែនជាអ្នករស់នៅក្នុងឃុំគគីរធំទេ។
លោកសុខឡេងអះអាងថា មួយថ្ងៃក្រោយពីការបោះឆ្នោត ក្រុមពង្រឹងគណបក្សប្រជាជនកម្ពុជាដែលលោកបញ្ជាក់ថា ដឹកនាំដោយលោកង៉ោ សុវណ្ណ ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកណ្តាល បានមកស្វែងរកចាប់ខ្លួនបងប្រុសរបស់លោក។ នៅពេលនោះលោកបានយកទូរស័ព្ទថតរូបពួកគេ ហើយក៏ទទួលរងការគំរាមកំហែងនោះភ្លាម។
លោកមឹក ជាជាជំទប់ទី១ ឃុំគគីរធំបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដាពិតជាមានករណីសម្លុតគម្រាមបានកើតមានឡើងពិតមែន។
លោកនិយាយថា៖«មានពាក្យមួយថា តាមចាប់ និងតាមសម្លាប់។ លុះដល់ថ្ងៃទី២៩ ក៏ទៅបង្កហេតុដល់ផ្ទះនោះឯង។ ឃើញរកទាញកាំភ្លើងបាញ់ឈ្មោះអុល សុខឡេងហ្នឹង។ ប្រជារាស្រ្តស្រែក ទើបគេទុកកាំភ្លើងក្នុងអាវវិញ។ ហើយឥឡូវនេះ [សុខឡេង]កំពុងតែគេចខ្លួន មិនទាន់ដឹងថាដល់ណាទេ»។
លោករឿង មករាជាអ្នកសម្របសម្រួលរបស់សមាគមអាដហុក ស្នាក់ការប្រចាំខេត្តកណ្តាលបានឲ្យដឹងថា លោកបានទទួលបណ្តឹងនេះពីក្រុមគ្រួសាររបស់លោកអុល សុខឡេងអំពីករណីគម្រាមកំហែងនេះ ហើយលោកកំពុងតែធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាងដើម្បីរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវ ច្បាប់។
លោកនិយាយថា៖ «យើងនឹងធ្វើពាក្យបណ្តឹងជូនគាត់ យកទៅដាក់តុលាការដើម្បីឲ្យគាត់ទទួលបានការដោះស្រាយតាមផ្លូវ តុលាការ ហើយបើចាំបាច់យើងនឹងផ្តល់មេធាវីជូនគាត់ដើម្បីឲ្យមេធាវីជួយរក យុត្តិធម៌ជូនគាត់ នៅពេលដំណើរការនីតិវិធីតាមផ្លូវតុលាការ»។
មន្ត្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា ប្រជាជនបានអះអាងថា មានរឿងហេតុខាងលើ កើតឡើងនៅថ្ងៃបោះឆ្នោត ហើយមួយថ្ងៃក្រោមមក ក៏មានការតាមចាប់ខ្លួនបងប្រុសរបស់លោកអុល សុខឡេង។
ទោះជាយ៉ាងណាក្តី លោកង៉ោ សុវណ្ណជាប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំឃុំគគីរធំ ខេត្តកណ្តាល បានច្រានចោលការចោទប្រកាន់លើរូបលោក។
លោកនិយាយថា៖ «រឿងកំរាមកំហែងគេ មិនមែនជាវប្បធម៌របស់យើងខ្ញុំទេ។ ខ្ញុំបានទទួលដំណឹងហើយ គេថា ខ្ញុំហ្នឹងដេញបាញ់គេពេញភូមិទៀតនោះ។ ដេញបាញ់គេយ៉ាងម៉េច? ពួកខ្ញុំហ្នឹងមានស្អីទៅបាញ់គេកើត? មានកាំភ្លើងពីណាមក?»
គណបក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលឯករាជ្យបានលើកពីភាព មិនប្រក្រតីជាច្រើនក្នុងអំឡុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
នៅក្នុងនោះដែរ ក្រុមប្រជាពលរដ្ឋនៅមណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅតាមខេត្តនិង ក្រុងនានាបានព្យាយាមរារាំងអ្នកបោះឆ្នោត ដែលពួកគេអះអាងថា ត្រូវបានដឹកជញ្ជូនដោយគណបក្សប្រជាជនកម្ពុជាពីតំបន់ផ្សេងដើម្បី ឲ្យមកបោះឆ្នោតនៅតាមតំបន់របស់ពួកគេ៕