ជំទប់ឃុំលោក យែម យូហ៊ន បានថ្លែងថា អ្នកភូមិប្រមាណ ១០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងក្រុមមនុស្សដែលពួកគេចាត់ទុក ថាជា «អ្នកខាងក្រៅ» ដែលមកធ្វើការបោះឆ្នោតនៅក្នុង ឃុំរបស់ពួកគេ។
លោកបន្តថា៖ «អ្នកភូមិបាននាំគ្នាឈរការពារមិនឲ្យអ្នកទាំងនោះដែលមកពីកន្លែង ផ្សេងមកធ្វើការបោះឆ្នោតនោះទេ។ ប៉ុន្តែមនុស្សទាំងនោះបានចុះឈ្មោះរួចហើយកាលពីឆ្នាំមុន»។
បុរសម្នាក់នេះក្រោយមកត្រូវបានដោះលែងវិញ។
ជំទប់ ឃុំរូបនេះបន្តថា៖ «អ្នកភូមិមិនយល់អំពីច្បាប់បោះឆ្នោត ហើយប្រតិកម្មតាមវិធីនេះ ពីព្រោះពួកគេមិនដែលឃើញមនុស្សទាំងនោះពីមុនមកទេ។នោះហើយ ជាមូលហេតុដែលនគរបាលនិងកងរាជអាវុធហត្ថបានចុះមកទីនេះ»។
តាមសេចក្តីរាយការណ៍ថា មានវត្តមានយោធាខ្លាំងក្លាមួយ គឺមានលក្ខណៈប្រចាំការជាប់នៅក្នុងខេត្តនេះ។
លោក ស៊ិន ពៅ ជាពលទាហានម្នាក់ដែលជាធម្មតាប្រចាំការនៅព្រំដែនកម្ពុជា វៀតណាម បានថ្លែងថា គាត់ត្រូវបានកោះហៅទៅតំបន់ផ្សេងៗនៅក្នុងខេត្តនេះ ជាពិសេសសម្រាប់អំឡុងពេលបោះឆ្នោត។
លោកបន្តថា៖ «នៅថ្ងៃសុក្រទាហានប្រមាណជិត ១០០នាក់បានមកកាន់ឃុំ កំពង់សឹង ក្នុងស្រុក ព្រះស្តេច។«ពួកគេត្រូវបានបញ្ជូនមកដើម្បីផ្តល់ សន្តិសុខ ក្នុងអំឡុងការបោះឆ្នោត»។ «ប៉ុន្តែវាមិនមែនមានទាហានម្នាក់និងនគរបាលម្នាក់នៅការិយាល័យមួយៗ នោះទេ»។
គាត់បន្តថា ទោះយ៉ាងណាក្តី វាមិនមែនតែអ្នកភូមិទេ ដែលមានក្តីបារម្ភអំពីអ្នកចម្លែកមកកាន់ខេត្ត ព្រៃវែង ពួកយើងក៏បារម្ភដែរ។
មន្រ្តីគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានជឿថា «ជនអន្តោប្រវេសន៍មក» ពីព្រំដែនបានលួចចូលមកបន្លំធ្វើការបោះឆ្នោត។
លោកថា៖ «ប្រជាជនវៀតណាមពីររយនាក់បានមកបោះឆ្នោតក្នុងឃុំ រាធរ ស្រុក ព្រះស្តេច»។ លោកបន្តថា៖«អ្នកភូមិបានសូមឲ្យពួកគេត្រឡប់ទៅវិញ។ ពួកគេបានយល់ព្រមចាកចេញពីការិយាល័យប៉ុន្តែ ក្រោយមកបានត្រឡប់មកវិញម្តងមួយៗ ដើម្បីលួចមកបោះឆ្នោត។ ពួកគេមកបោះឆ្នោតខុសច្បាប់»។
លោកបានអះអាងថា៖ «ជនជាតិកម្ពុជាជាច្រើននាក់មិនអាចបោះឆ្នោតបាន ប៉ុន្តែ ជនជាតិវៀតណាមជាច្រើនអាចមកបោះឆ្នោតបានយ៉ាងងាយទៅវិញ»។
ការិយាល័យបោះឆ្នោតមានលក្ខណៈស្ងប់ស្ងាត់នៅម៉ោងផ្តើមការបោះឆ្នោត ដំបូងប៉ុន្តែក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាសុក្រឹតភាពនៃបញ្ជី និងការហូរចូលនៃអ្នកបោះឆ្នោត «ជនជាតិវៀតណាម» គឺមានលក្ខណៈកាន់តែខ្លាំងឡើងៗនៅត្រឹមម៉ោងបេក្ខជនតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ តម្រង់ជួរបោះឆ្នោតនៅក្រុង ព្រៃវែង នៅវេលាម៉ោង ៧កន្លះព្រឹកម្សិលមិញ។
លោក បុញ្ញឫទ្ធិ បានថ្លែងថា៖ «យើងនឹងឈ្នះនៅខេត្ត ព្រៃវែង។ យើងនឹងឈ្នះ ៦ឬ ៧អាសនៈ»។
ប៉ុន្តែ លោក យ៉ែម បុញ្ញឫទ្ធិ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្តែងការព្រួយបារម្ភអំពីចំនួន «អ្នកបោះឆ្នោត» ដែលមិនបានបោះឆ្នោត ខណៈពួកគេជាច្រើននាក់បានបញ្ជាក់អំពីសេចក្តីលម្អិតរបស់ខ្លួន នៅលើបញ្ជីឈ្មោះបោះឆ្នោតរួចហើយនាប៉ុន្មានថ្ងៃមុនការបោះឆ្នោត ម៉្លេះ។
នៅក្នុងឃុំ ព្រែកខ្សាយ ស្រុក ពាមរក៍ អ្នកបោះឆ្នោតប្រហែល ១០០ នាក់នៃ ២.៣០០ នាក់ មិនបានបោះឆ្នោតទេ ព្រោះតែពួកគេមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អ្នកបោះឆ្នោតដទៃទៀតត្រូវបានគេប្រាប់ថា ប័ណ្ណសម្គាល់ខ្លួន ជាសិស្ស ឬសៀវភៅគ្រួសារ ដែលពួកគេយកមកជាមួយ មិនអាចទទួលយកជាឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោតបានឡើយ។
លោក ឡាច សុភា អ្នកគ្រប់គ្រងការិយាល័យបោះឆ្នោតឃុំ ព្រែកខ្សាយបានថ្លែងថា៖ «ប្រជាជនបន្ទោសខ្ញុំដោយសារតែមិនអាចរកឈ្មោះពួកគេឃើញ។ វាមិនមែនជាកំហុសខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើការនៅឃុំ។ បញ្ជីបានមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំសោកស្តាយចំពោះពួកគេខ្លាំងណាស់»។
លោកបានថ្លែងថា៖ «ប្រសិនបើអ្នកបាត់អត្តសញ្ញាណប័ណ្ណ។ តើខ្ញុំអាចដឹងថា តើនោះជាឈ្មោះរបស់អ្នកនៅក្នុងបញ្ជីដោយរបៀបណា?»។
លោក ជីវ វិបុល មន្រ្តីមកពីគណបក្សខ្មែរឈប់ក្រ បានថ្លែងថា លោកមិនអាចទទួលយកលទ្ធផលនៃការបោះឆ្នោតនេះបានទេ ព្រោះកូនប្រុសរបស់លោក ពុំត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតឡើយ។
លោកបានថ្លែងបន្ថែមទៀតថា៖ «កូនប្រុសរបស់ខ្ញុំបានបាត់អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ គាត់មានឯកសារអត្តសញ្ញាណដទៃទៀតប៉ុន្តែ គេមិនទទួលយកវាទេ។ ការបោះឆ្នោត ក៏មិនយុត្តិធម៌ដែរ ព្រោះមានជនជាតិវៀតណាមជាច្រើននាក់ ដែលមិនមានឯកសារគ្រាន់តែសំអាងលើសំបុត្រពណ៌ខៀវ ដែលមេឃុំចេញឲ្យពួកគេ»។
អ្នកបោះឆ្នោត ដែលមិនមានឈ្មោះលើបញ្ជី ត្រូវបានគេប្រាប់ឲ្យទូរស័ព្ទទៅប្រព័ន្ធទូរស័ព្ទបន្ទាន់របស់ គ.ជ.ប។ ស្រ្តីម្នាក់ ដែល ភ្នំពេញ ប៉ុស្តិ៍ បានមើលឃើញ ក្នុងស្ថានការណ៍នោះ មិនអាចទាក់ទងគ.ជ.ប បានទេ បន្ទាប់ពីគាត់បានខិតខំព្យាយាមម្ដងហើយម្តងទៀត។
ស្រ្តីម្នាក់ទៀត ដែលបានមកដល់ហើយដឹងថា មានគេផ្សេងបានប្រើឈ្មោះរបស់គាត់នោះ នៅតែត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតជាធម្មតា។
ក្នុងឃុំ ព្រែកខ្សាយ ស្រុក ពាមរក៍ លោកស្រី ម៉ក ម៉េង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានជជែកយ៉ាងតឹងសរសៃកជាមួយនឹងមន្រ្តីនៅការិយាល័យបោះឆ្នោត។ អ្នកស្រីបាននិយាយខ្លាំងៗថា៖ «ខ្ញុំរកមិនឃើញឈ្មោះរបស់ខ្ញុំ ហើយខាងមន្រ្តីមិនបានជួយរកខ្ញុំទេ»។ លោកស្រីបានបន្ថែមថា គាត់បានពិនិត្យព័ត៌មានលម្អិតមុនការបោះឆ្នោតរួចហើយ។
ប៉ុន្តែ លោក ស្នួន ចាន់នី អ្នកឃ្លាំមើលការបោះឆ្នោតរបស់គណបក្សប្រជាជន បានថ្លែងថា លោកស្រី ម៉ក ម៉េង ធ្វេសប្រហែសខ្លួនឯង។ «វាជាកំហុសរបស់គាត់។ ប្រសិនបើគាត់បានពិនិត្យឈ្មោះគាត់នៅទីនោះ គាត់នឹងអាចបោះឆ្នោតបាន»។
អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ បានថ្លែងថា ពួកគេបានទៅកាន់ខេត្ត ព្រៃវែង បន្ទាប់ពីឮរបាយការណ៍ អំពីបញ្ហារវាងអ្នកបោះឆ្នោតកម្ពុជា និងវៀតណាម។ ប៉ុន្តែ ពួកគេមិនបានបញ្ជាក់លម្អិតអំពីជម្លោះ ឬភាពមិនប្រក្រតីដែលពួកគេបានដឹងនោះទេ។
អ្នកសង្កេតការណ៍ម្នាក់ ដែលមិនប្រាប់ឈ្មោះ បានថ្លែងថា៖ «អង្គការសហប្រជាជាតិមិនពាក់ព័ន្ធនឹងដំណើរការនេះទេ ដូច្នេះ យើងមិនអាចនិយាយអ្វីប្រាប់ប្រព័ន្ធផ្សព្វផ្សាយឡើយ»។
អ្នកភូមិគ្រប់វ័យបានទៅសាលាវត្ត និងផ្ទះបុរសម្នាក់ ដើម្បីបោះឆ្នោត។ កញ្ញា យី ធីតា អាយុ ២២ ឆ្នាំជាកម្មករកាត់ដេរ បានថ្លែងថា នេះជាលើកទី ១ សម្រាប់នាងក្នុងការបោះឆ្នោត ហើយនាងពិបាកលាក់បាំងការគាំទ្ររបស់ខ្លួនចំពោះគណបក្សដែលនាង គាំទ្រទេ។
កញ្ញាបានថ្លែងថា ៖ «ខ្ញុំមិនអាចប្រាប់អ្នកថា ខ្ញុំបានបោះឆ្នោតឲ្យអ្នកណាទេ តែគេនឹងឈ្នះ គេបានឈ្នះឆ្នាំមុនក្នុងការបោះឆ្នោតឃុំ សង្កាត់។មេដឹកនាំគណបក្ស នេះតែងតែ … កសាងសាលារៀន និងផ្លូវថ្នល់»។
លោកតា ឈឹម សូម៉ាក់ អាយុ ៧៦ ឆ្នាំ ដែលបានបោះឆ្នោតនៅឃុំ ព្រែកខ្សាយ ស្រុក ពាមរក៍ បានថ្លែងថា វាជាពេលត្រូវផ្លាស់ប្តូរទៅគណបក្សសង្គ្រោះជាតិ។
លោកតាថ្លែងថា៖ «ខ្ញុំបានបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ ហើយខ្ញុំគ្មានឃើញអ្វីល្អប្រសើរទេ។ ឆ្នាំនេះខ្ញុំនឹងដូរ»។
អ្នកបោះឆ្នោតត្រូវអញ្ជើញឲ្យទៅផ្ទះលោក សាយ ចន្ធី អាយុ ៥២ ឆ្នាំ ដើម្បីបោះឆ្នោតក្នុងឃុំ កំពង់លឿង ស្រុក ព្រះស្តេច។ លោកបានថ្លែងថា៖ «ខ្ញុំបានរៀបចំការបោះឆ្នោតនៅទីនេះ ចាប់តាំងពីឆ្នាំ ១៩៩៨ មក។ គ.ជ.បតែងតែស្នើថាតើគេអាចប្រើផ្ទះខ្ញុំជាមណ្ឌលបោះឆ្នោតបានដែរ ឬទេ ព្រោះគ្មានសាលាឬវត្តនៅទីនេះទេ។ ខ្ញុំមិនមែនជាសមាជិកបក្សទេ។ខ្ញុំរីករាយនឹងជួយ»។
លោក ជាម យៀប តំណាងរាស្រ្តចាស់វស្សាគណបក្ស ប្រជាជនកម្ពុជា ខេត្ត ព្រៃវែង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេពីម្សិលមិញ៕ PS/ TK
ប្រភពពី ភ្នំពេញប៉ុស្តិ៍