ការព្រមានជាផ្លូវការពីសំណាក់ គ.ជ.ប ត្រូវបានធ្វើឡើង ដោយសារតែអាចារ្យអេ ម្ចាស់វិទ្យុដ៏មានប្រជាប្រិយភាពមួយនេះ បាននិយាយនៅក្នុងវិទ្យុរបស់ខ្លួនថា រដ្ឋប្រហារយោធានឹងអាចកើតមានឡើងប្រសិនបើគណបក្សសង្គ្រោះជាតិបាន អំណាចដឹកនាំរដ្ឋាភិបាល។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ ក្នុងកិច្ចសន្ទនាជាលើកចុងក្រោយជាមួយសហការីរបស់ខ្លួនដែលមានឈ្មោះថា «ច្រឹប» នោះ អាចារ្យអេនៅតែការពារពាក្យសម្តីរបស់ខ្លួន ហើយបាននិយាយថា «ចង់បិទក៏បិទទៅ!»។ លោកបានលើកឡើងថា៖ «គេឲ្យរៀនប្រវត្តិសាស្ត្រដើម្បីកុំឲ្យជាន់ប្រវត្តិសាស្ត្រ អេប៊ីស៊ីយកមកជំរាបជូនដើម្បីការពារទឹកដីរបស់យើង កុំឲ្យមានហេតុការណ៍កើតឡើង»។
នៅពេលអ្នកនាងច្រឹប សួរថា តើមានភស្តុតាងដែរឬទេ? អាចារ្យបានឆ្លើយថា «ទៅសួរប្រតិកម្មរហ័សមើលមើល៍ តើមានអត់ហេតុការណ៍ហ្នឹង?»។ លោកលើកឡើងថា មនុស្សអ្វីក៏អាចធ្វើដែរ ឲ្យតែឈ្នះដើម្បីបានអំណាចមកគ្រប់គ្រង។
លោកបានបញ្ជាក់ថា៖ «The best, I can do ល្អបំផុតដែលខ្ញុំអាចធ្វើបាន ចាប់ពីវិនាទីនេះតទៅ អត់ទាន់មានបញ្ញាឲ្យបិទទេ ប៉ុន្តែអេប៊ីស៊ីសុំធ្វើកូតកម្មមុន ដោយបើកតែចម្រៀង និងស្ប៉តដើម្បីសងគេ រហូតដល់គេបញ្ជាឲ្យបិទ។ បោះឆ្នោតហើយ បើគេឲ្យបិទចប់ បើឲ្យបើកតទៀត អាចារ្យនឹងចូលមកបន្ត»។
នៅពេលដែលសហការីខ្លួនស្នើដោយមិនចាំបាច់បិទ និងឈប់និយាយពីនយោបាយនោះ អាចារ្យអេ បានឆ្លើយតបថា លោកមិនមែនជាដុំថ្មនោះទេ ព្រោះគ្មានអ្នកណាមកជួយអ្វីទាំងអស់ លោកមានតែបេះដូងបរិសុទ្ធដែលស្រឡាញ់ប្រទេសជាតិតែប៉ុណ្ណោះ។
សហការីរបស់លោកបានយំ ដោយសារតែការសម្រេចចិត្តនេះ ប៉ុន្តែអាចារ្យមិនបានសម្តែងនូវអ្វីដែលជាការព្រួយបារម្ភឡើយ ដោយលោកអះអាងថា មានព្រះមហាក្សត្រចាំមើលពីខាងក្រោយ។ ប្រសិនបើមានការបិទជាផ្លូវការ អាចារ្យអេនិយាយថា លោកអាចដើរក្នុងព្រៃ ឬក៏ទៅបរទេស៕
ប្រភពពី ថ្មីៗ