បក្សប្រឆាំងបដិសេធលទ្ធផលបោះឆ្នោតនិងទាមទារ​ឲ្យ​បង្កើត​គណៈកម្មការចម្រុះដើម្បីស៊ើប​អង្កេត

by sovanmony  |  in ពត៌មានជាតិ at  10:52 PM

result
មួយ​ថ្ងៃ​បន្ទាប់​ពី​ការបោះឆ្នោត​ និង​បន្ទាប់​ពី​លទ្ធផល​បណ្តោះអាសន្ន​ក្រៅ​ផ្លូវការ​ត្រូវ​បាន​ប្រកាស​ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ និង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​​ដើម្បី​ស៊ើប​អង្កេត​ភាព​ មិនប្រក្រតី។​
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ២៩ ​កក្កដា​នេះ ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​ខ្លួន​មិន​ទទួល​យក​លទ្ធផល​នៃ​ ការបោះឆ្នោត​នេះ​ទេ​ពី​ព្រោះ​គណបក្ស​នេះ​បាន​សង្កេត​ឃើញថា ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ និង​យ៉ាង​ធ្ងន់ធ្ងរ។​ ទន្ទឹម​នឹង​នោះ​ គណបក្ស​សង្គ្រោះជាតិ​ក៏បាន​​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​ បន្ទាន់​ដើម្បី​បើក​ការស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ ​
គណៈកម្មការ​ចម្រុះ​នោះ​មាន​សមាសភាព​មក​ពី​គណបក្ស​សង្គ្រោះជាតិ ​គណបក្ស​​ប្រជាជន​កម្ពុជា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ តំណាង​សហប្រជាជាតិ​ តំណាង​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ដែល​ធ្វើការ​ពាក់ពន្ធ័​នឹង​ការបោះឆ្នោត។​ គណៈកម្មការ​ចម្រុះ​នេះ​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ និង​ផ្តល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី ៣១​សីហា​ឡើយ។​
សូម​បញ្ជាក់​ថា ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) នៅ​មិនទាន់​ប្រកាស​លទ្ធផល​​នៃ​ការ​បោះឆ្នោត​តំណាងរាស្រ្ត សម្រាប់​អាណត្តិទី៥ ឆ្នាំ​២០១៣​នេះនៅឡើយ​ទេ ក៏ប៉ុន្តែ លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលគណបក្សកាន់អំណាចបាន​ប្រកាសថា គេអាច​និយាយ​បាន​ថា គណបក្សប្រជាជនកម្ពុជាទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នេះ។ លោកបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា បើ​តាម​ការប៉ាន់ស្មាន គណបក្ស​ប្រជាជន​ទទួលបាន​ ៦៨​អាសនៈ ចំណែក​ឯ​គណបក្ស​សង្រ្គោះជាតិ​វិញទទួលបាន ៥៥​អាសនៈ។
គណបក្ស​សង្គ្រោះជាតិ​នៅ​មិនទាន់​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ប៉ុន្មាន​នៅ​ ឡើយ​ទេ។ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​គណបក្ស​នេះ​បាន​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​ជ័យជំនៈ ​ប៉ុន្តែ ​បន្តិច​ក្រោយមក​ក៏បាន​ប្តូរ​សេចក្តី​ប្រកាស​មកជា​ការថ្លែង​អំណរគុណ​ដល់​ អ្នកបោះឆ្នោត​ និង​អំពាវនាវ​កុំឲ្យ​មាន​អំពើ​ហិង្សា​វិញ ​ដោយ​មិននិយាយ​ថា ​ខ្លួន​ឈ្នះឆ្នោត​ទៀត​ឡើយ។ ​នៅព្រឹក​នេះ ​គណបក្ស​ប្រឆាំង​ក៏បាន​ប្រកាស​បដិសេធ​លទ្ធផល​នៃការ​បោះឆ្នោត៕​
ប្រភពពី វិទ្យុបារាំង

Proudly Powered by Blogger.