មនុស្ស​មួយ​ចំនួន​តវ៉ា​មិន​ឲ្យ​ជនជាតិ​វៀតណាម​បោះឆ្នោត

by sovanmony  |  in ពត៌មានជាតិ at  3:37 AM



people get 7ភ្នំពេញៈ មនុស្ស ​រាប់​រយ​នាក់ ផ្អើល​ឈូឆរ​ចុះ​ឡើងៗ ឬ​ផ្តុំ​គ្នា​ចាំ​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​ស្ទើរ​ពេញ​ណែន នៅ​ក្នុង​មណ្ឌល​បោះឆ្នោត សាលា​បឋម​សិក្សា ចម្ប៉ា នឹង​នៅ​តាម​ផ្លូវ​ច្រក​ចូល​ជាមួយ​នឹង​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ យ៉ាង​ទ្រហឹង​អ៊ឹងកង រារាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ម្សិលមិញ។
ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់ នៅ​មណ្ឌល​បោះឆ្នោត សាលា​បឋម​សិក្សា ចម្ប៉ា ក្នុង​សង្កាត់ ក្បាលកោះ ខណ្ឌ មាន​ជ័យ​នេះ គឺ​បាន​កើត​ឡើង ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​បាត់​ឈ្មោះ ពី​បញ្ជី​បោះឆ្នោត ឈ្មោះ​មាន​ក្នុង​បញ្ជី​ហើយ ត្រូវ​អ្នក​ផ្សេង​បោះ​រួច ទឹក​ថ្នាំ​ជ្រលក់​ចង្អុល​ដៃ ត្រូវ​បាន​គេ​លុប​ជ្រះ ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត​ជា​ដើម​។ល។
នៅ ម៉ោង​ប្រមាណ ១១ និង ៣០ នាទី​ព្រឹក ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ដែល​ភ្នំពេញ ប៉ុស្តិ៍​បាន​ជួប​សម្ភាស នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​សាលា​បឋម​សិក្សា ចម្ប៉ា បាន​និយាយ​ថា ចាប់​តាំង​ពី​ម៉ោង ៧ ព្រឹក មក​ពួក​គាត់​បាន​បណ្តេញ​ជនជាតិ​វៀតណាម ដែល​មិន​ចេះ​និយាយ​ខ្មែរ​ច្បាស់ ចេញ​ពី​មណ្ឌល​បោះឆ្នោត​នេះ​ប្រមាណ​ជាង ១០ នាក់​។ ក្រុម​អ្នក​ភូមិ​ដែល​ហាក់​បី​ដូច​ជា​កំពុង​មាន​កំហឹង​ពុះ​កញ្រ្ជោល ចំពោះ​ជនជាតិ​វៀតណាម​បាន​ចោទ​សួរ​ថា​«ជនជាតិ​វៀតណាម​ទាំង​នោះ មាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ពួក​គេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​ទេ។ តើ​ពួក​គេ បាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​មក​ពី​ណា? ខ្មែរ​មាន​ឈ្មោះ នៅ​ពេល​ទៅ​បោះឆ្នោត​បែរ​ជា​ត្រូវ​គេ​បោះ​បាត់ ហេតុ​អ្វី​ក៏​ដូច្នេះ​!»។
លោក ហាន សុធា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​បោះឆ្នោត​សាលា​បឋម​សិក្សា ចម្ប៉ា បាន​ឲ្យ​ដឹង​ថា៖​«អ្នក​ភូមិ​គាត់​ស្គាល់​ជនជាតិ​វៀតណាម ដែល​រស់​នៅ​ក្នុង​ភូមិ​របស់​គាត់ ម៉្លោះ​ហើយ នៅ​ពេល​ឃើញ​ជនជាតិ​វៀតណាម​ទាំង​នោះ​មក​បោះឆ្នោត​គាត់​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ ​។​ពលរដ្ឋ​គាត់​ធ្វើ​ដោយ​ទឹក​ចិត្ត របស់​ពួក​គាត់​គ្មាន​អ្នក​ណា​ដឹក​នាំ​ឲ្យ​ធ្វើ​ទេ»។
លោក ម៉ៅ ផល្លា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់ ក្បាលកោះ បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា៖«ខ្ញុំ​ក្តាប់​អត់​បាន​ទេ​បញ្ហា​ជនជាតិ​វៀតណាម​មក​ បោះឆ្នោត​នេះ»។ យ៉ាង​ណា​ក្តី លោក​បន្ត​ថា សម្រាប់​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ឲ្យ​តែ​អ្នក​ទៅ​បោះឆ្នោត មាន​អត្ត​សញ្ញាណ​ប័ណ្ណ ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​ពួក​គាត់​មាន​សិទ្ធិ​បោះឆ្នោត​ទៅ​តាម​ច្បាប់​។ នៅ​មណ្ឌល​បោះឆ្នោត នៅ​វិទ្យាល័យ បាក់ទូក ក្នុង​ខណ្ឌ ៧ មករា ក៏​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ស្រែក​តវ៉ា ដេញ​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត​ផង​ដែរ គឺ​បាន​ធ្វើ​ការ​តវ៉ា​រហូត​ដល់​បិទ​ការិយាល័យ​បោះឆ្នោត​។ មន្រ្តី​សង្កេត​ការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្រែក​នៅ​មណ្ឌល​បោះឆ្នោត​នោះ​ថា​«ជនជាតិ​ខ្មែរ​ខុស​បន្តិច​បន្តួច មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ឡើយ ប៉ុន្តែ​ជនជាតិ​វៀតណាម​បែ​រជា​នាំ​គ្នា​សម្រួល​ឲ្យ​ចូល​បោះឆ្នោត​ទៅ​វិញ»។
នៅ​ឯ​មណ្ឌល​បោះឆ្នោត ក្នុង​វត្ត ឫស្សីស្រស់ សង្កាត់ និរោធន៍ នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក និស្សិត​វ័យ​ក្មេង​ប៉ុន្មាន​នាក់ បាន​បង្ហាញ​ខ្លួន ដោយ​ផ្តល់​ដប​សាប៊ូ​អូសាវ៉ែល​ដល់​អ្នក​បោះឆ្នោត​រួច ដើម្បី​សាក​ល្បង​គុណភាព​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ចង្អុល​ដៃ​។ ដោយ​ទាក់​ទាញ​បាន​មនុស្ស​ជា​ច្រើន​នាក់ នគរបាល​មូលដ្ឋាន បាន​បំបែក​ពួក​គេ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។
អ្នក​បោះឆ្នោត​ឈ្មោះ ឡាំ ចាន់សុផល អាយុ ៥០ ឆ្នាំ បាន​ថ្លែង​ថា បន្ទាប់​ពី​បោះឆ្នោត​រួច លោក​បាន​ទៅ​ជិត​បុរស​វ័យ​ក្មេង​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ថា ទឹក​អូសាវ៉ែល ពិត​ជា​អាច​លុប​ទឹក​ថ្នាំ​ខ្មៅ​នោះ​បាន​ឬ​យ៉ាង​ណា?
លោក ចាន់សុផល បាន​ថ្លែង​ថា៖​«ខ្ញុំ​បាន​មើល​ដៃ​ស្រ្តី​បី​នាក់​ដែល​លាង​ដោយ​ទឹក​អូសាវ៉ែល ពួកគេ​ពិត​ជា​លាង​ស្អាត​មែន​។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ ប៉ុន្តែ​វា​នៅ​ចំ​ពី​មុខ​ខ្ញុំ​»។ លោក​បាន​បន្ត​ថា បន្ទាប់​មក​នគរបាល​បាន​មក​បំបែក​ក្រុម​ទាំង​នោះ ហើយ​រឹប​អូស​យក​អូសាវ៉ែល។
នៅ មណ្ឌល​បោះឆ្នោត​ក្នុង​វត្ត និរោធន៍ សាលា​បឋម​សិក្សា បឹងឈូក ប្រជុំវង្ស ដំណើរ​ការ​បោះឆ្នោត ហាក់​បី​ដូច​ជា​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បើ​ទោះ​បី​ជា​អ្នក​ បោះឆ្នោត​ខ្លះ​បាន​រអ៊ូ​រទាំ ដោយ​សារ​តែ​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​ក៏​ដោយ។ ចំណែក​នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​វត្ត ច្បារអំពៅ នៅ​ម៉ោង​ប្រមាណ​ជា ៨ និង ៣០នាទី​ព្រឹក ការិយាល័យ​ខ្លះ​មាន​មនុស្ស​ឈរ​តម្រៀប​ជួរ​គ្នា​យ៉ាង​វែង រង់​ចាំ​បោះឆ្នោត ខណៈ​ដែល​ការិយាល័យ​ខ្លះ​មិន​មាន​មនុស្ស​សោះ​។ នៅ​មណ្ឌល​បោះឆ្នោត​មួយ​នេះ យូរៗ​ម្តង​ក្រុម​អ្នក​សង្កេត​ការណ៍​គណបក្ស​ប្រឆាំង​បាន​ប៉ះ​ទង្គិច ពាក្យ​សម្តី​គ្នា​យ៉ាង​តឹង​សរសៃ​ក ជាមួយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត ដោយ​សារ​តែ​មិន​មាន​ឯកសារ​ត្រឹម​ត្រូវ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្លះ រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ៕
រាយការណ៍​បន្ថែម​ដោយ ប៊ុត រស្មីគង្គា និង សែន ដាវិត
ប្រភពពីភ្នំពេញប៉ុស្តិ៍

Proudly Powered by Blogger.