តើយុទ្ធសាស្ត្រសាមកុកចិននេះ អាចជួយអោយលោក ហ៊ុន សែន បំផ្លាញអ្នកនយោបាយខ្មែរបានដោយជោគជ័យជានិច្ច ឬក៏តម្រិះនេះ អាចជិះកឯងវិញនៅថ្ងៃណាមួយ?
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគ្រាន់តែទទួលរងឥទ្ធិពលរបស់ចិននាសម័យបច្ចុប្បន្ននេះទេ លោកសារភាពថាលោកក៏បានប្រើល្បិច យុទ្ធសាស្រ្តពីបុរុមបុរាណរបស់ចិន ក្នុងការកំទេចក្រុមអ្នកនយោបាយណាដែលប្រឆាំងនឹងលោកដែរ។ នោះគឺល្បិចក្នុងសង្គ្រាមសាមកុក ដែលភាគច្រើនជាល្បិចបំបែកបំបាក់ បំផ្លាញកំទេច និងទិញទឹកចិត្ត ដើម្បីគ្រប់គ្រងទៅលើក្រុមមន្រ្តីបក្សជំទាស់។
យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរាជ្ជកាលស្តេចហាន ក្រុមស្តេចចិន និងមេទ័ពចិនបានប្រើល្បិចគ្រប់លទ្ធភាព ដែលអាចធ្វើទៅបានក្នុងការធ្វើចំបាំង ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។
លោក ហ៊ុន សែន ធ្លាប់បានសារភាពថាលោកជាអ្នកបំផ្លាញគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាបក្សកាន់អំណាចឲ្យទៅជាចំរៀកៗ នៅមុនការធ្វើរដ្ឋប្រហារបង្ហូរឈាមមួយ កាលពីដើមខែកក្កដា ឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណោះលោក ហ៊ុន សែន ក៏ធ្លាប់គំរាមជាសាធារណៈដែរថា ជនណាក៏ដោយ បក្សណាក៏ដោយ ដែលហ៊ានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជននោះ នឹងមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិចជាមិនខាន៖ «ខ្ញុំនិយាយអំពីរឿងហ៊្វុនស៊ិនប៉ិចចុះ ហ៊្វុនស៊ិនប៉ិចខ្ញុំទទួលស្គាល់។ មូលហេតុអីដែលខ្ញុំធ្វើ ដោយសារហ៊្វុនស៊ិនប៉ិច ពូកែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនច្រើនពេក។ អញ្ចឹង ខែមេសា ឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើឲ្យហ៊្វុនស៊ិនប៉ិចមួយទៅជា១១ហ៊្វុនស៊ិនប៉ិច ហើយតាំងពីហ្នឹងមក ហ៊្វុនស៊ិនប៉ិច បានចុះខ្សោយ។ បើសិនពេលនោះ ហ៊្វុនស៊ិនប៉ិចមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជន ខ្ញុំនឹងមិនធ្វើហ៊្វុនស៊ិនប៉ិចទេ។ ប៉ុន្តែពេលនេះ ខ្ញុំបញ្ជាក់ថា អ្នកណាក៏ដោយ បក្សណាក៏ដោយ បើហ៊ានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជន អ្នកឯងនឹងមិនបានសុខទេ។ ខ្ញុំនឹងចូលទៅដល់ជម្រកចុងក្រោយរបស់អ្នកឯងតែម្តង »។
កំទេចគណបក្សហ៊្វុនស៊ិនប៉ិច អោយហិនហោចប៉ុណ្ណឹងហើយ ក៏លោក ហ៊ុន សែន នៅមិនទាន់អស់ចិត្តទៀត។ លោកត្រូវបំផ្លាញមេគណបក្សនេះទៀត គឺព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ។ នៅឆ្នាំ ២០០៧ លោក ហ៊ុន សែន ត្រូវគេឯងដឹងថាអាចជាអ្នកនៅពីក្រោយ នៃការបង្កើតច្បាប់ឯកពន្ធភាព ដែលគេហៅថាច្បាប់ដាក់ទោសអ្នកមានប្រពន្ធពីរ។ ច្បាប់នេះទំនងមានគោលបំណងតែមួយគត់ក្នុងការឆ្ពោះទៅរកការដាក់ទោសព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ដោយសារមានមហេសីដល់ទៅពីរ។
នៅពេលនោះ អ្នកម្នាង ម៉ារី រណឬទ្ធិ បានដាក់ពាក្យបណ្តឹងប្តឹងព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ពីបទមានមហេសីពីរ។ ហើយលោក ហ៊ុន សែន អាចជាអ្នកបញ្ឆេះឲ្យមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចជាន់ខ្ពស់ផ្សេងៗទៀតប្តឹងព្រះអង្គពីបទលួចលក់ទីស្នាក់ការគណបក្ស ក្នុងតំលៃ ៣លាន ៦សែនដុល្លារថែមទៀត។ ពេលនោះ តុលាការរាជធានីភ្នំពេញបាន កាត់ទោសព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ អោយជាប់ពន្ធនាគារចំនួន ១៨ខែ។
ដើម្បគេចផុតពីការជាប់ពន្ធនាគារ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ នៅគ្រានោះបានភៀសព្រះកាយទៅកាន់ប្រទេសម៉ាឡេស៊ី រស់នៅជាមួយស្រីក្មេងថ្មីរបស់ព្រះអង្គ។ ល្បិចបុរាណចិន ក្នុងការបំបែកបំបាក់ត្រង់ចំណុចនេះ លោក ហ៊ុន សែន ទំនងជាលេងបានយ៉ាងល្អ។ គោលបំណងនៃល្បិចសាមកុករបស់ លោក ហ៊ុន សែន ដែលលោកបានរចនាក្បួនពេលនោះ គឺដើម្បីបំផ្លាញ និងលុបឈ្មោះព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ចេញពីបញ្ជីនយោយបាយតែម្តង។
នៅឆ្នាំ ២០០៨ លោក ហ៊ុន សែន ទទួលជោគជ័យធំទៅតាមបំណងប្រាថ្នារបស់លោកមែន គឺព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បានសម្រេចចិត្តឈប់ធ្វើនយោបាយ គឺលាចាកពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ចំពោះករណីរបស់ប្រធានគណបក្សជំទាស់វិញ ក៏ស្រដៀងករណីរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិដែរ។ នៅឆ្នាំ ២០០៥ លោក សម រង្ស៊ី បាននិរទេសខ្លួនចេញពីកម្ពុជា ក្រោយពីរដ្ឋសភាបានដកអភ័យឯកសិទ្ធតំណាងរាស្រ្តរបស់លោក ដោយសារលោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ថាមានអំពើពុករលួយក្នុងការបង្កើតរដ្ឋាភិបាលចំរុះ ហើយបានចោទលោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការសម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ។ ពេលនោះ តុលាការកម្ពុជាបានកាត់ទោសឲ្យលោក សម រង្ស៊ី ជាប់គុក ១៨ខែ។
នៅដើមខែកុម្ភៈ ឆ្នាំ២០០៦ លោក សម រង្ស៊ី បានវិលត្រលប់ចូលប្រទេសកម្ពុជាវិញ ដោយសារលោកបានដកបណ្តឹង ឈប់ប្តឹងលោក ហ៊ុន សែន នៅតុលាការក្រុងញូវយ៉កសហរដ្ឋអាមេរិក ពីបទគប់គ្រាប់បែកមុខរដ្ឋសភា កាលពីឆ្នាំ ១៩៩៧ ហើយពេលនោះ លោក សម រង្ស៊ី បានសរសេរលិខិតមួយសុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាលោកខុសហើយ មិនសមធ្វើដូច្នេះទេ។ ក្រោយមកបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ។
នៅក្នុងខ្សែអាត់សម្លេងរបស់លោក ហ៊ុន សែន ដែលបែកធ្លាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កាលពីដើមខែកក្កដា ឆ្នាំ ២០១៣ លោក ហ៊ុន សែន និយាយក្តែងៗថា ការអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញកាលពីឆ្នាំ ២០០៦ នោះ គឺលោកជាអ្នកធ្វើអន្តរាគមន៍ ដោយសារពេលនោះ លោកចង់ខ្ចីដៃលោក សម រង្ស៊ី ដើម្បីកែរដ្ឋធម្មនុញ្ញពីរូបមន្តពីរភាគបី ក្នុងការបង្កើតរដ្ឋាភិបាល មករូបមន្ត ៥០ភាគរយបូកមួយវិញ ដើម្បីបន្ថយអំណាចតថ្លៃរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលស្ថិតក្នុងរដ្ឋាភិបាលចំរុះជាមួយគណបក្សប្រជាជនកម្ពុជា៖ «លើកមុនតុលាការកាត់ឲ្យជាប់គុក ខ្ញុំជាអ្នកអន្តរាគមន៍ឲ្យចូលមកវិញ តែមិនមែនអត់ប្រយោជន៍ទេ គឺមកដើម្បីប្រើដៃសម រង្ស៊ី ជួយរំដោះខ្លួនពីរណឬទ្ធិ បានសេចក្តីថាមកជួយកែរដ្ឋធម្មនុញ្ញ បានខ្ញុំឲ្យមក។ និយាយឲ្យច្បាស់ត្រង់ៗជាមួយគ្នា។ អ្នកដែលលើកអំណាចថ្វាយ គណបក្សប្រជាជនចុងក្រោយបំផុត គឺសម រង្ស៊ី នេះឯង បើសម រង្ស៊ី ទុកពីរភាគបី រណឬទ្ធិ នៅតែសង្កត់ក្បាលយើងងាប់។ អញ្ចឹងតម្រូវការពេលនោះ យកសម រង្ស៊ី ចូលស្រុកសុំការលើកលែងទោសឲ្យ ដើម្បីជួយកែរដ្ឋធម្មនុញ្ញទេ។ ដំណាក់កាលមួយ ប្រើដៃរណឬទ្ធិ កំចាត់សម រង្ស៊ី សិនពីព្រោះប៉ាប៉ា យើងស្នើរូបមន្តបីភាគី ឯគណបក្សយើងតែពីរភាគី។ ថ្ងៃទី៥ ខែវិច្ឆិកា ចេញអាបីភាគី ហើយថ្ងៃទី ៦ វិច្ឆិកា ចេញលទ្ធផលពិត និងលទ្ធផលមិនពិត វាទាត់ប្រឡែងដូចបាល់អញ្ចឹង។ ប៉ុន្តែចុងបញ្ចប់ គេយករណឬទ្ធិ បង្កើតរដ្ឋាភិបាលទ្វេភាគី ហើយដាក់សម រង្ស៊ី ឲ្យនៅក្រៅ។ រួចហើយទាញយកដៃសម រង្ស៊ី មកកែរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចតថ្លៃរបស់ហ៊្វុនស៊ិនប៉ិច។ អាហ្នឹងនិយាយឲ្យក្បួនអស់ខ្នាត តិចទៅចុះ។ ប៉ុន្តែបើសិនអ្នកឯងអត់ចេះលេងល្បែងសាមកុក កុំទាន់អាលលេងជាមួយ ហ៊ុន សែន។ ពេលខ្លះ ខុង ម៉ីង មិនទាន់ធ្វើស៊ឺម៉ាអ៊ី មិនទាន់ធ្វើត្រូវ ហ៊ុន សែន ធ្វើនៅសតវត្សទី ២១ ឯណេះវិញទេ ពីព្រោះកាលនោះ ចាប់ផ្តើមឡើងគេវៃគ្នាទេ ល្បិចវៃគ្នាទេ។ តែនេះជាល្បិចក្នុងល្បិចនៃការយកប្រៀបនៅក្នុងល្បែងប្រជាធិបតេយ្យ»។
រូបមន្តពីរភាគបី ជារូបមន្តដែលបង្កើតរដ្ឋាភិបាលចំរុះជាមួយគណបក្សផ្សេង ដែលមានអសនៈក្នុងរដ្ឋសភា ហើយរូបមន្ត៥០ភាគរយបូកមួយ ជារូបមន្ត ដែលគណបក្សមានអសនៈច្រើនជាងគេក្នុងរដ្ឋសភាអាចបង្កើតរដ្ឋាភិបាលខ្លួនឯងបានដោយមិនចាំបាច់មានការចូលរួមពីបក្សផ្សេង។
ដូច្នេះល្បែងនយោបាយតាមក្បួនសាមកុក ហាក់ត្រូវបានលោក ហ៊ុនសែន យកមកលេងយ៉ាងមានប្រសិទ្ធិភាពជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យក្រុមប្រឆាំងចុះទន់ខ្សោយ។
ក៏ប៉ុន្តែ តើក្បួនសាមកុករបស់លោក ហ៊ុន សែន នៅខែកក្កដា ឆ្នាំ២០១៣ នេះ អាចធ្វើអោយលោកមានជ័យជំនះទៀត ឬនេះជាចំណេះជិះកឯង ដែលនាំអោយលោកទទួលបរាជ័យនៅចុងបញ្ចប់ទៅវិញ?
លោក ហ៊ុន សែន ធ្លាប់ស្រែកប្រកាសនៅចំពោះមុខក្រុមមន្រ្តីគណបក្សប្រជាជនកម្ពុជាថា គ្មានផ្លូវណា ដែលបើកឲ្យមេបក្សប្រឆាំងចូលប្រទេសកម្ពុជាវិញនោះទេ។ ប៉ុន្តែឥឡូវ លោក សម រង្ស៊ី កំពុងមានវត្តមាននៅកម្ពុជា ទំនងជាដោយសារសម្ពាធរបស់ប្រទេសមហាអំណាច ហើយសម្ពាធនេះបានបង្ខំឲ្យលោក ហ៊ុន សែន ត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ។
ក្បួនសាមកុករបស់លោក ហ៊ុន សែន ពេលនេះ ប្រហែលជាបែងខុសក្រឡាបន្តិច។ ក្បួននេះអាចលេងជោគជ័យទៅបាន ប្រសិនបើពិភពលោកនេះ បិទជិតហើយគ្មានការឃ្លាំមើលរបស់អន្តរជាតិ។ ប៉ុន្តែក្នុងសតវត្សទី២១ ដូច្នេះអ្វីៗ កាន់តែបើកចំហរ ដោយសារប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធទំនាក់ទំនងសង្គម ប្រព័ន្ធអ៊ីនធឺណែត សម្ពាធរបស់មហាជន និងសម្ពាធរបស់បណ្តាប្រទេសមហាអំណាច ដែលសេដ្ឋកិច្ចកម្ពុជាត្រូវការពឹងពាក់បណ្តាប្រទេសទាំងនោះដែរ។
បរាជ័យក្បាច់សាមកុក គឺជាបរាជ័យដ៏ធំបំផុតរបស់លោក ហ៊ុន សែន ដោយសារសម្ពាធរបស់មហាអំណាចអាមេរិក ដែលនឹងមិនទទួលស្គាល់រដ្ឋាភិបាលក្រោយការបោះឆ្នោត ប្រសិនបើគ្មានមេបក្សប្រឆាំងចូលរួមការបោះឆ្នោត។ ទីពីរ លោក ហ៊ុន សែន ទំនងអាចខ្លាចប្រឡាក់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក ដែលតំណាងរាស្រ្តសហរដ្ឋអាមេរិកគំរាមដាក់រូបលោក ក្នុងបញ្ជីឈ្មោះនៃក្រុមមេដឹកនាំអាក្រក់បំផុតលើពិភពលោក។
លោក ហ៊ុន សែន ក៏ទំនងជាខ្លាចសហរដ្ឋអាមេរិកប្រមូលកៀងគរប្រទេសជាមិត្តរបស់អាមេរិកទាំងអស់អោយកាត់ផ្តាច់ជំនួយសេដ្ឋកិច្ច និងកាត់បន្ថយទំនាក់ទំនងជាមួយកម្ពុជា។ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមកលើកម្ពុជា អាចជាការបញ្ឈប់មិនអោយប្រទេសកម្ពុជា នាំផលិតផលសម្លៀកបំពាក់កាត់ដេរចូលក្នុងប្រទេសរបស់ពួកគេ។ ពេលនោះ កម្មករប្រមាណ៧០ម៉ឺននាក់នៅកម្ពុជានឹងអត់ការងារធ្វើ។ គួបផ្សំនឹងយុវជនកំពុងអត់ការងារធ្វើស្រាប់រាប់ម៉ឺននាក់ផងនោះ កម្ពុជាអាចនឹងកើតមានភាពចលាចលសង្គម។ នោះហើយ ទំនងជាក្តីបារម្ភធំមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ និងទីបី ការបង្រួបបង្រួមនៃគណបក្សប្រឆាំងទាំងពីរ អោយទៅជា គណបក្សសង្គ្រោះជាតិនេះ បានធ្វើអោយកំលាំងប្រឆាំងកាន់តែមាន អនុភាព និងមានសន្ទុះកាន់តែខ្លាំង។
ម៉្យាងទៀត លោក កឹម សុខា បានអះអាងម្តងហើយម្តងទៀតថា មន្រ្តីគណបក្សប្រឆាំង ដែលនៅសេសសល់ពេលនេះ សុទ្ធតែជាមន្រ្តីដែលលែងចុះញ៉មតាមការអូសទាញ តាមល្បិចបុរាណចិនរបស់លោក ហ៊ុន សែន ទៀតហើយ៖ «យើងខ្ញុំស៊ូប៉ុណ្ណឹងហើយ រឿងអីចុងក្រោយយើងខ្ញុំទៅធ្វើអំពើថោកទាប ដូចអ្នកនយោបាយខ្លះ។ យើងខ្ញុំមិនអាចធ្វើបានទេ យើងខ្ញុំបញ្ជាក់ ហើយគឺទិញមិនលក់ សំឡុតមិនខ្លាច ពាក់ព័ន្ធនឹងថ្នាក់មន្រ្តីបន្ទាប់ៗ។ ខ្ញុំឃើញថាអស់លោកទាំងហ្នឹងមានមេរៀនច្រើនហើយ។ អ្នកដែលទៅហ្នឹង គេយកទៅទុកឯណា គឺទុកនៅធុងសំរាម។ គេមិនដែលប្រើឲ្យធ្វើអីផង ហើយបើគេប្រើ គឺប្រើគ្រាន់តែឲ្យមកជេរ មកបញ្ចោរ មកបង្កាច់ មកបង្ខូចអ្នកដែលដឹកនាំពីមុនមកតែប៉ុណ្ណឹង។ ដូច្នេះហើយ វាអត់មានតំលៃ។ គូប្រកួតរបស់យើងដែលគេដឹងខ្លួន គេភ័យខ្លួនថា ចាញ់គេអត់មានធម៌សូត្រទៀត អញ្ចឹងហើយគេចេះតែឆ្កឹះឆ្កៀល គេចេះតែបង្កើតពាក្យចចាមអារ៉ាម ថាយើងអញ្ចេះ យើងអញ្ចុះ។ ប៉ុន្តែមេរៀននេះដដែលៗទេ អត់មកបំបែក សម រង្ស៊ី កឹម សុខា បានទេ ទិញមិនលក់ សម្លុតមិនខ្លាច ដូច្នេះហើយឲ្យច្បាស់ត្រង់ហ្នឹង»។
ប្រសិនបើទ្រឹស្តី«ទិញមិនលក់ សំឡុតមិនខ្លាច» ដែលលោក កឹម សុខា អះអាងនេះ ជាអ្វីដែលលោក និងសមាជិកគណបក្សរបស់លោកប្រកាន់យកដោយខ្ជាប់ខ្ជួននោះ ល្បិចបុរាណចិនសាមកុករបស់លោក ហ៊ុន សែន នឹងទទួលបរាជ័យ ហើយចំណេះនេះនឹងជិះកឯងវិញជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។