សាពូន ទម្លាយ​បែកបាក់ សឿ សុធារ៉ា ក្រោយ​បោះឆ្នោត​រួច

by sovanmony  |  in សិល្បះនឹងតារា at  11:47 PM

130729_28a
 
ភ្នំពេញៈ នៅក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣​នេះ ទស្សនិកជន​កាន់​តែ​ឮ​ច្បាស់​ឡើង​ៗ​អំពី​ចំណង​ស្នេហ៍​បែកបាក់​រវាង​ តារាសម្តែង​ស្រស់​សោភា សឿ សុធារ៉ា និង​តារាចម្រៀង សាពូន មីដាដា ស្រប​ពេល​ដែល​គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា សឿ សុធារ៉ា លែង​ទ្រ​ស្វាមី​របស់​ខ្លួន​ទៀត​ហើយ ដោយ​នាង​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា «​បើ​បង​ចង់​បែក​ក៏​បែក​ទៅ​ចុះ​!»។ តែ​យ៉ាង​ណា​តារា​សាពូន មីដាដា បាន​បញ្ជាក់​ថា លោក​នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ចំពោះ​ចំណង​ស្នេហ៍​បែកបាក់​នេះ នៅ​ពេល​បោះឆ្នោត​រួច​ហើយ​។
កាល​ពី​ប្រហែល​មួយ​ខែ​មុន​នេះ មាន​ការ​លើក​ឡើង​ពី​សារព័ត៌មាន និង​អ្នក​រស់នៅ​ក្នុង​សង្គម​សិល្បៈ​ថា ចំណង​ស្នេហ៍​មីដាដា និង សុធារ៉ា ហាក់​ដូចជា​
​ជួបនឹង​វិបត្តិ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ សឿ សុធារ៉ា ហាក់​ដូច​មាន​កង្វល់​អ្វី​ដក់​ជាប់​នៅក្នុង​ជម្រៅ​ចិត្ត​របស់​នាង​ហាស្តី​ មិន​រួច​នោះ​។ ប៉ុន្តែ​ឈាន​ចូល​ដល់​ខែ​កក្កដា នេះ គេ​បាន​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា ស្នេហា​នេះ​កាន់​តែ​រង្គោះរង្គើ​រហូត​ដល់​ល្បី​ថា ពួកគេ​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​បែកបាក់​ជា​ផ្លូវការ​ទៀត​ផង​ក្រោយ​ពេល​សឿ សុធារ៉ា ជា​ប្រពន្ធ​ទប់​ចិត្ត​មិន​បាន​ក៏​ទម្លាយ​កម្សួល​ខ្ទុះ​ក្នុង​បេះដូង​តាមរយៈ​ ការ​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​ជា​ភាសា​អង់គ្លេស​ថា​៖​«​If u wanna break up it is okay. But I need Pemean. I do»។ ដោយ​សម្រួស​ជា​ភាសាខ្មែរ​ថា​៖​«​បើ​សិន​បង​ចង់​បែក...​ក៏​បែក​ទៅ​ចុះ អត់​បញ្ហា​... ប៉ុន្តែ​អូន​ត្រូវការ​កូនស្រី ពិមាន...»។ ប៉ុន្តែ​នៅ​ពេល​ព្យាយាម​ទាក់ទង​រូប​នាង​ដើម្បី​សាកសួរ​ព័ត៌មាន​ពិត​នោះ សឿ សុធារ៉ា មិន​អាច​ភ្ជាប់​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​បិទ រីឯ​ទូរស័ព្ទ​មួយ​ខ្សែ​ទៀត​គ្មាន​អ្នក​លើក​នោះ​ទេ​។
ដោយ​ឡែក​នៅ​ពេល​ទាក់ទង​ទៅ​កាន់​ក្បាល​ម៉ាស៊ីន​ក្នុង​គ្រួសារ​សឿ សុធារ៉ា​គឺ​លោក សាពូន មីដាដា ជា​ស្វាមី​ក៏​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​ចិត្ត​ដែរ ដោយ​លោក​បាន​និយាយ​យ៉ាង​សមរម្យ​ថា ចំពោះ​រឿងរ៉ាវ​ស្នេហា​ដែល​គេ​ឯង​តែង​លើក​ឡើង​ថា ឈាន​ដល់​ដំណាក់កាល​បែកបាក់​នោះ លោក​នឹង​លើក​មក​លាត​ត្រដាង​ឲ្យ​ទស្សនិកជន​បាន​ជ្រាប​ច្បាស់​នៅ​ពេល​ ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ចប់​សព្វ​គ្រប់​នោះ។
តារាចម្រៀង​ដែល​ធ្លាប់​ឈរ​នៅ​កំពូល​តារាង​ក្នុង​អំឡុង​ឆ្នាំ​២០០៤ សាពូន មីដាដា ដែល​កំពុង​ចូល​ខ្លួន​ក្នុង​ដំណើរការ​ឆាក​នយោបាយ​បាន​និយាយ​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖​«​អូ! ចំពោះ​រឿង​នេះ កុំ​អាល​និយាយ​អី ឥឡូវ​ខ្ញុំ​កំពុង​ជាប់​រវល់​ឃោសនា​ការ​បោះឆ្នោត ដូច្នេះ​ចាំ​បោះឆ្នោត​ហើយ​ចាំ​និយាយ​»។
តែ​យ៉ាង​ណា​មុន​នេះ តារា​ហង្សមាស សាពូន មីដាដា ធ្លាប់​បកស្រាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​៖​«​ខ្ញុំ​ចង់​ឲ្យ​ បងប្អូន​រង់ចាំ​មើល​ថា ខ្ញុំ និង​ភរិយា​ពិតជា​បែកបាក់​ដូច​ការ​លើក​ឡើង​នោះ មែន​អត់ ព្រោះ​ថា​ច្រើន​ដង​ហើយ ខ្ញុំ និង​ភរិយា ក៏​នៅ​តែ​រស់នៅ​ជាមួយ​គ្នា​។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ថែម​ទាំង​បាន​ចំណង​ដៃ​កូនស្រី​សំណព្វចិត្ត​ម្នាក់​ទៀត​ផង»។
នៅ​ពេល​ចប់​បោះឆ្នោត​ទស្សនិកជន​នឹង​ដឹង​ច្បាស់​១០០​ភាគរយ​ថា តើ​សាពូន មីដាដា និង សឿ សុធារ៉ា ពិតជា​បែកបាក់​គ្នា​ឬ​យ៉ាង​ណា​?
គួរ​បញ្ជាក់​ថា សឿ សុធារ៉ា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ​១៩៩៧ ហើយ​នៅក្នុង​អំឡុង​ពេល​នោះ នាង​ជា​តារាចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​ហង្ស​នាគ​១ នៅ​ព្រែកលៀប​។ តារា​រូប​នេះ កើត​នៅ​ក្នុង​គ្រួសារ​អ្នក​រកស៊ី​ដែល​មាន​ឪពុក​ឈ្មោះ សឿ ឈៀង និង​ម្តាយ​ឈ្មោះ ណោ សុខ អ្នក​ទាំង​ពីរ​ជា​អាជីវករ​នៅ​សង្កាត់​ទួលទំពូង​ទី​១ ខណ្ឌ​ចំការមន​។ សឿ សុធារ៉ា បាន​រៀបការ​៣​យប់​៣​ថ្ងៃ​ជាមួយ​សាពូន មីដាដា កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩​៕
ប្រភពពី  postkhmer

Proudly Powered by Blogger.