រាជធានីភ្នំពេញ៖ តារាចម្រៀងធ្លាប់មានកេរ្តិ៍ឈ្មោះ នៅផលិតកម្មថោន កញ្ញា សាសា មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ថា នាងហាក់ដូចជាស្ងប់ស្ងាត់មិនឃើញមានចេញបទចម្រៀងថ្មីឡើយ ទន្ទឹមនឹងលេចឮថា នាងចង់ផ្អាកពីសិល្បៈដោយមិនដឹងពីមូលហេតុ ស្របពេលដែលមានពាក្យចចាមអារ៉ាមថា នាងកំពុងភ្ជាប់ទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់រស់នៅប្រទេស អាមេរិក។ ទោះយ៉ាងណា សាសា បានច្រានចោលដំណឹងស្នេហ៍ឆ្លងទ្វីបនេះ ថាមិនមែនជាការពិត។
ជុំវិញការលើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ បណ្តាញព័ត៌មានអប្សរាANN បានទាក់ទងសុំការបំភ្លឺពី កញ្ញា សាសា ដោយនាងបានឆ្លើយបញ្ជាក់ថា ការបាត់មុខនាងមួយយៈនេះ មិនមែននាងកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកអាមេរិក ដូចដែលគេបានលើកឡើងនោះទេ តាមពិត គឺនាងជាប់រវល់ការងារផ្ទាល់ខ្លួន និងមានជំងឺបន្តិចបន្តួចផងដែរ ទើបដកឃ្លាពីសិល្បៈមួយរយៈ។
សាសា បានបញ្ជាក់ជុំវិញការលើកឡើងអំពីទំនាក់ទំនងស្នេហាជាមួយបុរសនៅអាមេរិក នោះថា នាងពិតជាបានស្គាល់ និងទាក់ទងបុរសម្នាក់នៅអាមេរិកពិតមែន ប៉ុន្តែមិនមែនទាក់ទងក្នុងន័យស្នេហានោះទេ តាមពិតបុរសម្នាក់នោះជាអ្នកធានាតារាសិល្បៈខ្មែរទៅសម្តែង និងច្រៀងនៅអាមេរិក ហើយក៏បានស្គាល់រាប់អាននាង ដូចគាត់រាប់អានអ្នកសិល្បៈដទៃដែរ។
ទោះជាយ៉ាងណា ជាមួយនឹងអាជីពចម្រៀង តារាសាច់សខ្ចី ផ្ទាល់ខួចរូបនេះ អះអាងថា នាងមិនបោះបង់នោះទេ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានថតបទចម្រៀងថ្មីចំនួន៣បទ ទៀតផង និងបានថត MV កាលពីដើមខែសីហា ឆ្នាំ២០១៣ កន្លងទៅ ដែលក្នុងនោះមានបទញាក់១បទ និងបទមនោសញ្ចេតនា២បទ កំពុងត្រៀមចេញលក់លើទីផ្សារ នៅរវាងពាក់កណ្តាលខែសីហា ឆ្នាំ២០១៣នេះ។
សាសា បន្តនិយាយថា នៅខែសីហា ឆ្នាំ២០១៣ នេះដែរ នាងនឹងចេញអាល់ប៊ុមពិសេសមួយទៀត ដែលមានឈ្មោះថា Special ឬអាល់ប៊ុមមនុស្សស្រី៥នាក់។ អាល់ប៊ុម Special នេះ មានតារាស្រី៥រូបច្រៀងរួមគ្នា ដូចជា មាស សុខសោភា, សុគន្ធ និសា ,អេននី ហ្សាម និងរូបនាង។
ក្រោយពីអាល់ប៊ុលពិសេសនេះចេញលក់នៅលើទីផ្សារ កញ្ញា សាសា អះអាងថា អាចធ្វើឲ្យនាងលុបបំបាត់នូវព័ត៌មានដែលថា នាងបានលាឈប់ពីសិល្បៈ។ ម្យ៉ាងវិញទៀត ជាមួយនឹងអាល់ប៊ុម Spe cial នេះ សាសា ក៏រំពឹងថា នាងអាចនឹងទទួលបានការគាំទ្រឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក៕
ប្រភពពីkhmerstation