អាជីវករ​ថា ផ្សារ​ធំ​ថ្មី​ឃោសនា​ផ្តាច់​មុខ​ដោយ​បក្ស​ប្រជាជន

by sovanmony  |  in ពត៌មានជាតិ at  6:30 PM

130722_07 
ភ្នំពេញៈ ផ្សារ ​ធំ​ថ្មី​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​គណបក្ស​ប្រជាជន កម្ពុជា ដោយ​ក្រុម​អាជីវករ​បាន​អះអាង​ថា ប្រធាន​និង​សន្តិសុខ​ផ្សារ​បាន​រារាំង​មិន​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ធ្វើ​ការ​ឃោសនា​នៅ​ក្នុង​ផ្សារ​ទេ ហើយ​សូម្បី​តែ​ទៅ​ស្តាប់​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ក៏​ត្រូវ​ហាម​ប្រាម​ដែរ។
នៅ​តាម​តូប​លក់​អីវ៉ាន់ និង​ទូ​លក់​មាស​ក្នុង​ផ្សារ​ធំ​ថ្មី​សុទ្ធ​តែ​មាន​បិទ​ស្លាក​សញ្ញា គណបក្ស​ប្រជាជន​កម្ពុជា​និង​រូបថត​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​តូប​និង​ទូ​នីមួយៗ​យ៉ាង​ហោច​មាន​បិទ​រូប​បី​សន្លឹក​ដែរ។ ផ្ទុយ​ទៅ​វិញ រូប​សញ្ញា​ពី​គណបក្ស​នយោបាយ​ដទៃ​ទៀត​ពុំ​មាន​បិទ​ក្នុង​ផ្សារ​នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី១៩​កក្កដា​កន្លង​ទៅ ពេល​លោក សម រង្ស៊ី វិល​ចូល​មក​មាតុ​ប្រទេស​ក្រោម​ការ​ស្វាគមន៍​គាំទ្រ​ពី​មហាជន​រាប់​ម៉ឺន​នាក់ ​លោក​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​សួន​ប្រជាធិបតេយ្យ​ដែល នៅ​មិន​ឆ្ងាយ​ពី​ផ្សារ​ធំ​ថ្មី​ទេ​។ក្រុម​អាជីវករ​ជា​ច្រើន​មាន​បំណង​ទៅ​ ស្វាគមន៍​និង​ស្តាប់​ការ​ថ្លែង​ជា​លើក​ដំបូង របស់​លោក សម រង្ស៊ី។ ប៉ុន្តែ ពួក​គាត់​ត្រូវ​កង​សន្តិសុខ​ផ្សារ​ហាម។ ដោយ​មើល​ឃើញ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​បែប​នេះ អាជីវករ​ម្នាក់​ជា​តំណាង​បាន​ផ្ញើ​លិខិត​រៀបរាប់​ពី​ការ​គាប​សង្កត់​នេះ​មក​ កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​ក្នុង​ស្រុក​ កាល​ពី​ថ្ងៃ​ទី២០ ខែ​កក្កដា។
អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ពីរ​នាក់​បាន​ទៅ​សាក​សួរ​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី​កាល​ពី​ម្សិលមិញ អ្វីៗ​គឺ​ពិត​ដូច​រៀប​រាប់​នៅ​ក្នុង​លិខិត​នោះ​មែន​។ អាជីវករ​ភាគ​ច្រើន​មិន​ហ៊ាន​និយាយ​ចំហ​ពី​បញ្ហា​នេះ​នៅ​ក្នុង​ផ្សារ​នោះ​ទេ។
តែ​ស្រ្តី​វ័យ​៣៥ឆ្នាំ ជា​អាជីវករ​លក់​ក្រណាត់​ម្នាក់​បាន​អះអាង​ថា គាត់​បាន​ដើរ​ចេញ​ពី​ផ្សារ​បំណង​ទៅ​ស្តាប់​លោក សម រង្ស៊ី និយាយ ដើម្បី​បាន​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពេល​ទៅ​ដល់​ច្រក​ទ្វារ​ចេញ ក៏​ត្រូវ​សន្តិសុខ​ហៅ​ឲ្យ​មក​វិញ។
ទំនង​ខ្លាច មន្រ្តី​ផ្សារ​ឃើញ គាត់​មើល​ជុំវិញ​ខ្លួន​ទើប​បន្ត​ថា៖ «ថ្ងៃ​នោះ​សន្តិសុខ​បី​នាក់​នៅ​យាម​ទ្វារ​ខ្ញុំ​អត់​ចាប់​អារម្មណ៍​ទេ គឺ​គ្រាន់​តែ​ចង់​ស្តាប់​លោក សម រង្ស៊ី និយាយ តែ​សន្តិសុខ​ម្នាក់​ស្រែក​ឲ្យ​មក​ផ្សារ​វិញ។ ខ្ញុំ​ខ្លាច​គេ​ធ្វើ​បាប ក៏​ចូល​មក​វិញ​»។
គាត់​បន្ត​ថា ក្នុង​ផ្សារ​ធំ​ថ្មី​នេះ​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​អ្វី​ទេ បើ​មាន​អ្នក​ណា​ម្នាក់​ពាក់​មួក​ឬ​អាវ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សន្តិសុខ​ផ្សារ​នឹង​ដើរ​តាម​មិន​ឲ្យ​នៅ​យូរ ក្នុង​ផ្សារ​នោះ​ទេ។
អាជីវករ ម្នាក់​អាយុ​៣១​ឆ្នាំ ចាត់​ទុក​ថា ៖ «អ្វី​ដែល​គេ​ធ្វើ​នេះ គឺ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​បក្ស​ផ្សេងៗ​ដើម្បី​យក​មក ​ថ្លឹង​ថ្លែង​សម្រាប់​ធ្វើ​ការ​បោះឆ្នោត»។
ដោយ​ខ្លាច​មាន​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន និង​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រកស៊ី​អាជីវករ​ម្នាក់​ទៀត​សុំ​មិន​និយាយ​ នៅ​នឹង​តូប​លក់​ទេ ប៉ុន្តែ បាន​លប​ដើរ​តាម​អ្នក​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ រហូត​ផុត​ពី​ផ្សារ​ទើប​នាំ​ទៅ​តូប​ជាង​ទង​មួយ​ហើយ​រៀប​រាប់​អំពី​ការ​រើសអើង ​នយោបាយ​និង​ការ​គាប​សង្កត់​មក​លើ​អាជីវករ​ក្នុង​ផ្សារ ពី​សំណាក់​អ្នក​គ្រប់​គ្រង។
អាជីវករ​ម្នាក់​នេះ​អះអាង​ថា៖​«ពីរ​បី​ថ្ងៃ​មុន​គណបក្ស​សង្គ្រោះ​ជាតិ​ ម្នាក់​ចូល​មក​ក្នុង​ផ្សារ តែ​សន្តិសុខ​ដេញ​ចេញ​។ ដូច​ពូ​ឃើញ​អ៊ីចឹង​ក្នុង​ផ្សារ​មាន​តែ​រូប​បក្ស​ប្រជាជន គ្រាន់​តែ​ទូ​ខ្ញុំ​មួយ​មាន​បី​បួន​សន្លឹក។ បើ​មិន​ឲ្យ​គេ​បិទ​ខ្លាច​មាន​រឿង​ព្រោះ​យើង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ គេ។ ផ្សារ​នេះ​ខុស​ពី​ផ្សារ​ផ្សេងៗ»។
ស្រ្តី​ជា​អាជីវករ​ម្នាក់​នេះ​បន្ត​ថា សន្តិសុខ​ផ្សារ​បាន​រឹត​ត្បិត​មិន​ឲ្យ​អ្នក​លក់​ដូរ​គាំទ្រ​គណបក្ស​ណា​ក្រៅ​ ពី​បក្ស​ប្រជាជន​ទេ ហើយ​បាន​ហាម​មិន​ឲ្យ​ពួក​គាត់​ស្រែក​សាទរ និង​លើក​ដៃ​ស្វាគមន៍​ក្បួន​ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ លើស​ពី​នោះ កាល​ពី​ថ្ងៃ​លោក សម រង្ស៊ី ថ្លែង​សុន្ទរកថា សន្តិសុខ​ផ្សារ​បាន​សួរ​នាំ​អាជីវករ​ណា​ដែល​មិន​មក​លក់ ហើយ​គំរាម​កត់​ឈ្មោះ​ទៀត បើ​ដឹង​ថា ទៅ​ស្តាប់​លោក សម រង្ស៊ី និយាយ​នោះ។
បុរស​ជា​ជាង​ទង​ម្នាក់​ក៏​អះអាង​ដូច​គ្នា​ដែរ​ថា៖ «នៅ​ក្នុង​ផ្សារ​នេះ បើ​និយាយ​ពី​បក្ស​ណា​ក្រៅ​ពី​បក្ស​ប្រជាជន គឺ​មិន​បាន​ដាច់​ខាត​។ គេ​ហៅ​ទៅ​សួរ​ឥឡូវ​ហ្នឹង។ វា​ដូច​ជា​ហួស​ហេតុ​ពេក»។
ភ្នាក់ងារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ទៅ​កាន់​ស្នាក់ការ​ផ្សារ​ធំ​ថ្មី ដើម្បី​សុំ​ការ​ពន្យល់​អំពី​ការ​លើក​ឡើង​របស់​អាជីវករ ប៉ុន្តែ​មន្រ្តី​ម្នាក់​ដែល​អង្គុយ​អាន​កាសែត​ក្នុង​នោះ បដិសេធ មិន​បំភ្លឺ​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ទេ។
ប៉ុន្តែ​យ៉ាង ណា លោក ស្រី ប៉ុន ដានី ប្រធាន​ផ្សារ​ធំ​ថ្មី​បាន​បដិសេធ​តាម​ទូរស័ព្ទ​នូវ​រាល់​ការ​ចោទ​របស់​ អាជីវករ​ទាំង​នោះ​និង​ចាត់​ទុក​ជា​ការ​មួល​បង្កាច់​ការ​ពិត។
លោក​ស្រី ប៉ុន ដានី បញ្ជាក់​ថា៖ «វា​មិន​ពិត​ទេ។ យើង​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​អី​ទេ។ សូម​អ្នក​និយាយ​មក​ជួប​ខ្ញុំ​ហើយ​រឿង​បិទ​ស្លាក​នោះ​គឺ​អាជីវករ​ជា​អ្នក​សុំ ​ទៅ​បិទ​ខ្លួន​ឯង​ទេ»។
លោក​ស្រី ដានី បញ្ជាក់​ដែរ​ថា វា​ជា​រឿង​ធម្មតា​ដែល​សន្តិសុខ​ផ្សារ​បង្កើន​ការ​យាម​កាម​តឹង​រ៉ឹង​នៅ​ក្នុង ​ផ្សារ ដែល​មាន​លក់​ដូរ​មាស ប្រាក់ បែប​នេះ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

Proudly Powered by Blogger.