មួយថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសថានឹងមានមហាបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅ លោក សម រង្ស៊ី ភ្លាមៗនៅថ្ងៃទី៣១ ខែកក្កដា ស្នើសុំឲ្យ លោក សម រង្ស៊ី អនុវត្តនៅលក្ខខណ្ឌពីរចំណុច ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្ញើលិខិតមួយទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិស្នើសុំឲ្យ លោក សម រង្ស៊ី គោរពច្បាប់ជាធរមាន ពិសេសច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ការស្នើសុំនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពី លោក សម រង្ស៊ី ប្រកាសសាជាថ្មីនៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោកជាច្រើននាក់ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ថា បក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងព្រមានធ្វើមហាបាតុកម្មទូទាំងប្រទេស ប្រសិនបើគណបក្សកាន់អំណាចមិនទទួលលទ្ធផលនេះ។
លោក ស ខេង បញ្ជាក់ក្នុងលិខិតថា លក្ខខណ្ឌចាំបាច់ពីរនេះ គឺសំដៅធានាបាននូវនិរន្តរភាព ជីវភាពសង្គម សេចក្តីសុខក្សេមក្សាន្តរបស់ពលរដ្ឋ និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជៀសវាងនូវការប្រទូសរ៉ាយ ឬអសន្តិសុខណាមួយនាំឲ្យមានហានិភ័យដល់ប្រទេសជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី៣១ ខែកក្កដា ថា ក្រសួងមហាផ្ទៃ ដែលមាននាទីរក្សាសន្តិសុខសង្គម ព្រួយបារម្ភចំពោះសម្ដី លោក សម រង្ស៊ី ដែលប្រកាសថានឹងមានមហាបាតុកម្មកើតឡើង។ លោកសង្ឃឹមថា លោក សម រង្ស៊ី នឹងយោគយល់ ព្រមទាំងសហការល្អជាមួយក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខសង្គម៖ «ក្រសួងមហាផ្ទៃ ដូចជាក្រសួងដែលគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈដូចប្រទេសយើង ដូច្នេះយើងក៏មានការចាប់អារម្មណ៍ដែរ ព្រោះថា បើមានបញ្ហាស្អីៗដូចខ្លឹមសារលិខិតបានបញ្ជាក់អ៊ីចឹង។ ធ្វើម៉េចឲ្យស្របតាមច្បាប់ទៅ សម្ដែងក្តីសង្ឃឹមមុតមាំយោគយល់បង្កលក្ខណៈសហការ ដើម្បីឲ្យគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ជាតិ បានប្រកបទៅដោយជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទេ នៅថ្ងៃទី៣១ ខែកក្កដា។ ប៉ុន្តែ លោក កឹម សុខា អនុប្រធានគណបក្សនេះបញ្ជាក់ថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស គឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។
ស្របពេលគ្នានេះ ប្រជាពលរដ្ឋច្រើនរយនាក់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣១ ខែកក្កដា ដោយយល់ឃើញថា ពេលនេះមិនមែនជាពេលដែលបក្សនីមួយៗត្រូវប្រកែកប្រណាំងយកឈ្នះ ឬចាញ់រៀងខ្លួននោះទេ ក៏ប៉ុន្តែ ជាពេលវេលាសំខាន់ដែលគណបក្សត្រូវជជែកពិភាក្សាគ្នាអំពីសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពរបស់ពលរដ្ឋ។ ពលរដ្ឋទាំងនោះក៏បានស្នើសុំចំនួន ៧ចំណុច ដោយឲ្យ គ.ជ.ប ចេញសេចក្តីប្រកាសបន្ទាន់មិនអនុញ្ញាតឲ្យបុគ្គល ឬស្ថាប័នណាផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ឬចំនួនអាសនៈចាញ់ ឬឈ្នះ មុនពេលលទ្ធផលផ្លូវការត្រូវប្រកាស។ ស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច បញ្ចៀសឲ្យបាននូវរាល់អំពើហិង្សា ឬសង្គ្រាមបង្ហូរឈាម និងសុំឲ្យពលរដ្ឋទាំងអស់រក្សានូវគោលការណ៍អហិង្សា និងទុកពេលវេលាឲ្យថ្នាក់ដឹកនាំ និងស្ថាប័នដែលពាក់ព័ន្ធដោះស្រាយដោយសន្តិវិធី៕
ប្រភពពី RFA