ខៀវ កាញារីទ្ធិ៖ គណបក្ស​ប្រជាជន​បាន ​៦៨កៅអី ​គណបក្ស​សង្រ្គោះជាតិ ​៥៥កៅអី

by sovanmony  |  in ពត៌មានជាតិ at  6:59 PM

26_04_2011_HOUR_IMG_8216
លោក​ ខៀវ កាញារីទ្ធិ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង នៅល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​របស់​លោក​ជា​អ្នក​ទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត លើកនេះ ដោយ​ទទួលបាន​អាសនៈ ៦៨ ទល់​ជាមួយ​នឹង​គណបក្ស​សង្រ្គោះជាតិ ដែល​ទទួលបាន ៥៥អាសនៈ។
គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅ​មិនទាន់​ប្រកាស​លទ្ធផល​​នៃ​ការ​បោះឆ្នោត​តំណាងរាស្រ្ត សម្រាប់​អាណត្តិទី៥ ឆ្នាំ​២០១៣​នេះ​ទេ។ ក៏ប៉ុន្តែ លោក​ខៀវ កាញារីទ្ធ​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​បារាំង AFP ថា “យើងអាច​និយាយ​បាន​ថា យើង​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នេះ”។ មន្រ្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា បើ​តាម​ការប៉ាន់ស្មាន គណបក្ស​ប្រជាជន​ទទួលបាន​ ៦៨​អាសនៈ ចំណែក​ឯ​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។
ប្រសិនបើ​លទ្ធផល​ផ្លូវការ ពិត​ជាដូច​ការ​អះអាង​របស់​លោក​ខៀវ កាញារីទ្ធិ​ មែន មានន័យថា គណបក្ស​ប្រជាជន​ ដែល​មាន ៩០​អាសនៈ កាល​ពី​អាណត្តិ​មុន ត្រូវ​បាត់បង់​អាសនៈរហូតដល់​ទៅ ២២អាសនៈ នៅ​ក្នុង​អាណត្តិ​ថ្មីនេះ។ ចំណែក​ឯ​គណបក្ស​សង្រ្គោះជាតិ​វិញ ដែល​មាន​ត្រឹមតែ ២៩​អាសនៈ (គណបក្ស​សមរង្ស៊ី បូក​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស) មាន​អាសនៈ​កើនឡើង ២១​អាសនៈ។
គួរ​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ដែរ លោក​សម រង្ស៊ី ក្នុង​នាម​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រកាស​ថា គណបក្ស​របស់​លោក​ជា​អ្នក​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោតតំណាង​រាស្រ្ត​ថ្ងៃ​ អាទិត្យ​នេះ។ សេចក្តីថ្លែងការណ៍​នេះ​បាន​សរសេរ​ថា៖ “ថ្ងៃនេះ​គឺ​ជា​ទិវា​ជា​ប្រវត្តិសាស្រ្ត​ ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត អាណត្តិ​ទី៥ ឆ្នាំ​២០១៣”។ ក៏ប៉ុន្តែ ភ្លាមៗ​ក្រោយមក លោក​សម រង្ស៊ី ក៏​បាន​​លុបចោល​ចេញ​សេចក្តីថ្លែងការណ៍នេះ​ចេញវិញ ដោយ​ចេញ​សេចក្តីថ្លែងការណ៍​ថ្មីមួយ ប្រកាស​ត្រឹមតែ​អបអរ​សាទរ​ “ទិវាប្រវត្តិសាស្រ្ត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​អញ្ជើញ​ចូលរួម​យ៉ាង​ឱឡាឫក ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត”៕
ប្រភពពី RFI


Proudly Powered by Blogger.