កាលពីថ្ងៃច័ន្ទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធចោល សំណើរបស់លោក សម រង្ស៊ី សុំចុះឈ្មោះបោះឆ្នោតនិងឈរឈ្មោះតំណាងរាស្រ្តនៅមណ្ឌលខេត្តកណ្តាល បន្ទាប់ពីឈ្មោះលោកត្រូវបានអាជ្ញាធរលុបចោលដោយសារលោកត្រូវបាន តុលាការកាត់ទោស១១ឆ្នាំទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែននិង ផ្សាយឯកសារព្រំដែន។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ ថាករណីនេះអាចបូកបញ្ជូលគ្នារវាងឆន្ទៈរបស់មេដឹកនាំរដ្ឋាភិបាលដោយ មានការចរចាសម្របសម្រួលនិងត្រូវប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យ សើរើពីការលុបឈ្មោះរបស់លោកសម រង្ស៊ីក្នុងពេលកន្លងមកដោយអាជ្ញាធរមូលដ្ឋានគឺធ្វើឡើងដោយខុស ច្បាប់។
លោកនិយាយថា៖ «ព្រោះឥឡូវគាត់មានសិទ្ធិបោះឆ្នោតធម្មតាហើយតែបញ្ហាវានៅត្រង់ ច្បាប់បោះឆ្នោតដែលគេតម្រូវឱ្យចុះបញ្ជីបេក្ខជនប៉ុន្មានខែមុនការ បោះឆ្នោតឥឡូវយើងហួសកំណត់ហ្នឹងហើយដល់ពេលបោះឆ្នោតគិតថាមិនអាច បានតែម្តងលើកលែងតែក្រុមប្រឹក្សាធម្មនុញ្ញ គេសម្រេចថាការលុបឈ្មោះបញ្ជីដែលជាការសម្រេចរបស់ក្រុម ប្រឹក្សាឃុំពីកាលមុនវាអត់ត្រឹមត្រូវទើបអាចមានផ្លូវបាន»។
លោក សុក សំអឿន បានបន្ថែមទៀតថាលោកមើលឃើញថាការលុបឈ្មោះកន្លងមកគឺពិតជាមិន ត្រឹមត្រូវតាមច្បាប់ទេ៖ «ប៉ុន្តែតាមពិតសិទ្ធិបោះឆ្នោតគាត់អត់ត្រូវបាត់បង់ទេបើយើងគិត តាមផ្លូវច្បាប់ព្រោះ ការបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតហ្នឹងគឺបាត់បង់លុះត្រាតែ តុលាការសម្រេចដាក់ក្នុងសាលក្រមថាអ្នកឯងបាត់សិទ្ធិពលរដ្ឋ»។
លោកបានបន្ថែមថាសាលក្រមដែលតុលាការសម្រេចកន្លងមកមិនបានសម្រេចដល់ចំណុចនេះទេ។
លោក អ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏យល់ស្របដែរថាផ្លូវនៃ ក្រុមប្រឹក្សាធម្មនុញ្ញគឺជាជម្រើសមួយព្រោះស្ថាប័ននេះអាចបកស្រាយ ច្បាប់និងសម្រេចថាការសម្រេចកន្លងមករបស់គ.ជ.បឬរបស់ថ្នាក់មូល ដ្ឋានមានភាពស្របតាមផ្លូវច្បាប់ឬមិនស្រប។
លោកនិយាយថា៖ «ខ្ញុំមើលទៅមានតែច្រកហ្នឹងមួយគត់មុនពេលបោះឆ្នោតដើម្បីស្នើសុំ ដាក់លោកសម រង្ស៊ីជាបេក្ខភាពហើយដើម្បីស្នើសុំទៅកើតទាល់តែធ្វើដោយប្រធានសភា នាយករដ្ឋមន្ត្រី ឬក៏១០ភាគរយឡើងទៅនៃសមាជិកសភាបានន័យថាសភា១៣រូបឬមួយក៏ ព្រះមហាក្សត្រ។ អញ្ចឹងបើសិនជាខ្ញុំមើលពីស្ថានភាពនយោបាយប្រទេសកម្ពុជាខ្ញុំមើលទៅ មានតែឆន្ទៈនយោបាយរបស់លោកហ៊ុន សែនដែលជាអ្នកស្នើឬក៏ព្រះមហាក្សត្រជាអ្នកស្នើ។ ខ្ញុំមើលទៅជាជម្រើសមួយអាចទៅរួចក្នុងន័យមួយបង្រួបបង្រួមជាតិ»។
អ្នកវិភាគយល់ថាកូនសោរសំខាន់នៅពេលនេះស្ថិតនៅលើលោកហ៊ុន សែនតែមួយគត់ព្រោះ ពេលបច្ចុប្បន្ននេះគណបក្សប្រឆាំងបានបាត់បង់សមាជិកភាពជាអ្នកតំណាង រាស្ត្រអស់ហើយគឺនៅសល់តែគណបក្សប្រជាជនកម្ពុជាស្ទើរតែទាំងអស់ហើយ សភាជាតិក៏កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលទៀត។
លោក ហ៊ុន សែន គឺជាអ្នកដែលត្រូវចាក់សោរនេះដើម្បីទម្លាយឧបសគ្គដោយសារព្រះ មហាក្សត្រអាចនឹងមិនលូកលាន់កិច្ចការនេះច្រើនពេកទេ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។
លោកពន្យល់ថា៖ «មានតែការប្តឹងសេចក្តីសម្រេចរបស់គជបទៅក្រុមប្រឹក្សាធម្មនុញ្ញទៅ។ ខ្ញុំថាអាចធ្វើអញ្ចឹងបានហើយថាតើក្រុមប្រឹក្សាធម្មនុញ្ញទទួលឬមិន ទទួល។ ខ្ញុំថារឿងនេះមិនត្រឹមតែការលើកលែងទោសដែលធ្វើឱ្យលោក សម រង្ស៊ី អត់មានទោសអ្វីទាំងអស់ដូច្នេះគាត់មានសិទ្ធិពេញលេញទាំងអស់»។
លោកបានបន្ថែមថាវាកាន់តែងាយស្រួលទៅទៀតដោយសារលោកសម រង្ស៊ីត្រូវបានលើកលែងទោសដោយផ្អែកលើការកាត់ក្តី ខុសរបស់តុលាការនិងការសម្របសម្រួលមួយដើម្បីឱ្យបានស្ថិរភាពប្រទេស ជាតិគឺមិនមែនជាមនុស្សដែលមានទោសនោះទេដែលធ្វើឱ្យការផ្តល់ បុព្វសិទ្ធិឱ្យមកគាត់វិញកាន់តែងាយស្រួល។
លោកបកស្រាយថា៖ «បើសិនជាលោកសម រង្ស៊ីគាត់សុំព្រះមហាក្សត្រសុំលើកលែងទោសឱ្យគាត់ឈរលើមូលដ្ឋានថា តុលាការហ្នឹងអត់ត្រឹមត្រូវអយុត្តិធម៌ចំពោះគាត់គាត់អត់បាន ប្រព្រឹត្តខុសអីទេនោះគាត់ជាអ្នករួចខ្លួនតាំងពីពេលនោះមកគឺ អត់មានទោសទេហើយដាក់ទោសគាត់នោះ គឺគេអាចថាជាកំហុសខាងតុលាការហើយការខកខានមិនបានចុះ ឈ្មោះ នេះមិនមែនខុសគាត់ដែរដូច្នេះត្រូវតែឱ្យគាត់បានចុះធម្មតាឡើងវិញ ហើយក៏ឈរឈ្មោះដូចដែលពលរដ្ឋអត់មានទោសអញ្ចឹងទៅ»។
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមួយដែលបង្កើតឡើងដើម្បីធានានូវ ការគោរពអនុវត្តរដ្ឋធម្មនុញ្ញហើយក៏ជាអ្នកបកស្រាយនិងរដ្ឋ ធម្មនុញ្ញនិងច្បាប់ដែលរដ្ឋសភានិងព្រឹទ្ធសភាបានអនុម័ត។ ស្ថាប័ននេះក៏មានសមត្ថភាពក្នុងការពិនិត្យមើលនិងសម្រេចលើបណ្តឹង ទាក់ទងទៅនឹងការបោះឆ្នោតនៃសមាជិកសភានិងការបោះឆ្នោតព្រឹទ្ធសភា ផងដែរ។
រហូតមកដល់ពេលនេះគណបក្សសង្គ្រោះជាតិនៅមិនទាន់បានចូលតាមច្រក នេះនៅឡើយទេដោយកំពុងតែស្នើសុំឱ្យរដ្ឋសភាជាតិផ្តល់អភ័យឯកសិទ្ធិ ដល់លោក សម រង្ស៊ី វិញបន្ទាប់ពីបានបាត់បង់ដោយសារត្រូវព្យួរដើម្បីមកប្រឈមមុខនឹង តុលាការរឿងដកតម្រុយបង្គោលព្រំដែន។
លោក សម រង្ស៊ី បានសរសេរលិខិតពីរក្នុងថ្ងៃតែមួយកាលពីថ្ងៃអង្គារទី២៣ស្នើសុំ ឱ្យលោក ហេង សំរិនប្រធានសភាជាតិផ្តល់សុពលភាពអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តដល់ លោកវិញហើយក៏បានស្នើសុំឱ្យលោកអ៊ឹម សួស្តីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យឡើងវិញក្នុង ការបញ្ចូលឈ្មោះលោកក្នុងបញ្ជីអ្នកបោះឆ្នោតជាផ្លូវការនិងក្នុង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិបានបញ្ជាក់អំពីជម្រើសនោះថា៖ «ជាតំណាងរាស្ត្រមានន័យថាគាត់អត់មានទោសពៃរអ្វី ទៀតទេបើគាត់ទទួលបាននូវសិទ្ធិនិងបុព្វសិទ្ធិរបស់គាត់ត្រឡប់មក វិញហើយមានន័យថាគជបត្រូវតែចុះឈ្មោះ គាត់ក្នុងបញ្ជី អ្នកបោះឆ្នោតពីព្រោះលុបគឺលុបក្នុងហេតុផលគាត់ជាប់ទោសអញ្ចឹងបើ ឥឡូវគាត់មិនមានទោសនោះត្រូវតែបានឈ្មោះរបស់គាត់ក្នុងបញ្ជីអ្នក បោះឆ្នោតឡើងវិញ»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាន ប្រាប់វីអូអេថាមធ្យោបាយឆ្លងតាមសភាជាតិក៏ជាជម្រើសដ៏ប្រសើរមួយហើយ ការចរចានយោបាយជាការជៀសមិនរួចដោយភាគីទាំងលោកសម រង្ស៊ីនិងលោកហ៊ុន សែនត្រូវបន្ទន់ឥរិយាបទមករកគ្នាជាថ្មីម្តងទៀតដើម្បី ប្រយោជន៍ជាតិ។
ពេលវេលាបានខិតកាន់តែខ្លីសម្រាប់ការឈរឈ្មោះរបស់លោក សម រង្ស៊ីដែលត្រូវសម្រេចកិច្ចការនេះឱ្យទាន់ពេលបោះឆ្នោតជាតិនៅ ថ្ងៃអាទិត្យ ទី២៨ខែកក្កដានេះ៕
ប្រភពពី VOA