អង្គការ​ខុមហ្វ្រែល៖ ស្ថានការណ៍​បោះ​ឆ្នោត​ល្អ​ជា​ទូ​ទៅ តែ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​មាន​បញ្ហា

by sovanmony  |  in ពត៌មានជាតិ at  6:18 PM

list-name 
អង្គការ ​សង្កេត​ការណ៍​បោះឆ្នោត ខុមហ្វ្រែល ទទួល​ស្គាល់​ថា ជា​ទូ​ទៅ​ស្ថានការណ៍​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​មាន​លក្ខណៈ​ល្អ​ ប្រសើរ។ ប៉ុន្តែ នៅក្នុង​សន្និសីទ​កាសែត​មួយ ​ដែល​បាន​បើក​ធ្វើ​នៅ​រសៀល​ថ្ងៃសុក្រ​ទី ២៦ កក្កដា អង្គការ​ខុមហ្វ្រែល អះ​អាង​ថា ខ្លួន​បាន​រក​ឃើញ​ថា មាន​ភាពមិន​ប្រក្រ​តី​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​ផង​ដែរ។
ស្ថានការណ៍​ជាទូទៅ សម្រាប់​ការបោះឆ្នោត​សម្រាប់​នីតិកាល​ទី៥នៅ​កម្ពុជា មាន​ភាព​វិជ្ជមាន​ប្រសើរ​ជាង​ការបោះឆ្នោត​នៅ​អាណត្តិមុនៗ ដោយសា​តែ​អំពើហិង្សា​បាន​ថយចុះ ហើយនិង​មាន​វត្តមាន​ប្រធាន​គណបក្សប្រឆាំង ​នៅ​កម្ពុជា។
លោក ធន សារាយ​ ប្រធាន​គណៈកម្មាធិការ​នាយក​អង្គកា​រ​ខុមហ្វ្រែល​ និង​ជា​ ប្រធានអង្គការ​អាដហុក បាន​ថ្លែង​ក្នុង​ស​ន្និសីទ​ព័ត៌មានថា ​ស្ថានភាព​ នយោបាយ​នៅមុន​ការបោះឆ្នោត​មានការ​ធូ​រ​ស្រាល បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ បាន​ព្រះរាជទាន​លើកលែងទោស​ដល់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អាចធ្វើ​ឲ្យ​លោក​សម រង្ស៊ី​​ វិល​ចូលក្នុង​ទឹកដី​កម្ពុជា​វិញ។ រី​ឯ​កា​រ​វាយតម្លៃ​មួយទៀត​របស់​អង្គ​ការអង្កេត​ការ​ គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​យុវជន​ក្នុង​សកម្មភាព​នយោបាយ​ ដូចជា​ការចូលរួម ​ក្នុង​ការហែក្បួន​របស់​គ​ណ​បក្ស និង​ការ​ហ៊ាន​បញ្ចេញមតិ​របស់ខ្លួន រួមទាំង​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​គោល​នយោបាយ​​របស់​គណ​បក្ស​ នីមួយៗ។
អង្គការ​អង្កេត​ការ​បោះឆ្នោត ​នៅ​កម្ពុជា​ផ្ទាល់ នៅតែ​កត់សម្គាល់ឃើញ​ពី​ភាពអវិជ្ជមាន និង ភាពមិនប្រក្រតី​ ដែលនៅក្នុង​នោះ ​គណបក្សកាន់អំណាច​មានប្រៀប​ជាង​ គណបក្សប្រឆាំង។
តែ​ទោះជា​យ៉ាងណា អង្គ​ការអង្កេត​ការ​​បោះឆ្នោត​ទាំងអស់ ក៏បាន​ស្នើឱ្យ​មានការ​បញ្ចូល​បេក្ខភាព​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ទៅក្នុង​​បញ្ជី​បេក្ខភាព​តំណាងរាស្ត្រ និង​បញ្ជី​ឈ្មោះ​អ្នក​ឆ្នោត ដែល​អង្គការ​ទាំងនោះ​អះអាងថា​ ជាការ​គោរព​នូវ​ព្រះរាជទាន​លើកលែង​ទោស​របស់​ ព្រះមហាក្សត្រ និង​លិខិត​បង្រួបបង្រួម​ជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា៕
ប្រភពពី RFI

Proudly Powered by Blogger.