មនុស្សម្នាដែលមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចំនួនដ៏ ច្រើនសន្ធឹកសន្ធាប់ហួសពីការស្មាននៅលើទឹកដីខេត្តកំពង់ចាម នាព្រឹកនេះគឺសុទ្ធតែអ្នកគាំទ្រគណបក្សនយោបាយប្រឆាំងដោយស្ម័គ្រចិត្ត និងដោយឆន្ទៈមោះមុតបំផុត។
សូមបញ្ជាក់ថា មណ្ឌលខេត្តកំពង់ចាម មានអាសនៈចំនួន ១៨ ដែលតម្រូវឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោតនានាប្រកួតប្រជែងដណ្តើមយក រៀងៗខ្លួន។ ដោយឡែកសម្រាប់គណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមនេះគឺមានឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្សឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខ រៀងទី១តែម្តង។
កាលពីសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ «២០០៨-២០១៣» កន្លងមក ខណៈដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមិនទាន់ច្របាច់បញ្ចូលគ្នាជាគណបក្សនយោបាយ ប្រឆាំងតែមួយឈ្មោះគណបក្សសង្គ្រោះជាតិនោះ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ទទួលបាន១១អាសនៈ, គណបក្ស សម រង្ស៊ី ទទួលបាន៥អាសនៈ, គណបក្សសិទ្ធិមនុស្សទទួលបាន១អាសនៈ និងគណបក្សនរោត្តម រណឬទ្ធិ ទទួលបាន១អាសនៈ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា នៅពេលដែលគណបក្សនយោបាយប្រឆាំងនៅកម្ពុជា បានរួមកម្លាំងគ្នាជាគណបក្សនយោបាយតែមួយឈ្មោះ គណបក្សសង្គ្រោះជាតិ នាពេលនេះគឺសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ «២០១៣-២០១៨» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ គណបក្សសង្គ្រោះជាតិអាចនឹងទទួលបានអាសនៈយ៉ាងតិចបំផុតចំនួន៧ នៅមណ្ឌលខេត្តកំពង់ចាម ដែលមានអាសនៈសរុបចំនួន១៨៕
ប្រភពពីដើមត្នោត