រដ្ឋមន្រ្តី​ម៉ាំ​ល្ហុង​ឡើង​ស៊េរី!

by sovanmony  |  in ពត៌មានជាតិ at  12:44 AM

អ្នក​លក់​​ម៉ាំ​ល្ហុង​ ដែល​តែង​តែ​ទីនុយ​ឯកសណ្ឋាន​ដូច​តារា​ រហូត​ដល់​ជាប់​រហស្ស​នាម​​ថា​ រដ្ឋ​មន្រ្តី​ម៉ាំ​ល្ហុង​​ ឥឡូវ​បាន​អភិវឌ្ឍ​ខ្លួន​ពី​លក់​ម៉ាំ​ល្ហុង​​តាម​កង់​ មក​បង្កើត​ជា​ក្រុម ​លក់​តាម​ម៉ូតូ​យ៉ាង​ល្បី​ក្នុង​រាជ​ធានី​ភ្នំពេញ។
ម៉ៅ បូរ៉ា​ អ្នក​លក់​ម៉ាំ​ល្ហុង​ដោយ​ការ​ស្លៀក​ឯក​សណ្ឋាន​ដូច​អ្នក​ធំ​ ពោល​គឺ​មាន​ពាក់​អាវ​ធំ និង​ក្រវាត់​ក​​ បាន​ធ្វើ​ឲ្យ​ជំនួញ​របស់​ខ្លួន​ ដែល​ធ្លាប់​តែ​អូស​លក់​តាម​កង់​កញ្ចាស់​ មក​លក់​តាម​ម៉ូតូ​ជាមួយ​នឹង​សមាជិក​បួន​នាក់​ផ្សេង​ទៀត។
ក្រុម​រដ្ឋ​មន្រ្តី​ម៉ាំ​ល្ហុង
រដ្ឋ​មន្ត្រី​ម៉ាំ​ល្ហុង​​រូប​នេះ​ថា៖ “ក្រៅ​ពី​ម៉ាំ​ល្ហុង​នេះ​ ខ្ញុំ​ក៏​កំពុង​តែ​សិក្សា​ពី​របៀប​ធ្វើ​អាហារ​ប្រភេទ​ផ្អាប់​ផ្សេង​ទៀត​របស់ ​ខ្មែរ​ ដូច​ជា​ជ្រក់​ត្រសក់​ ផ្អក​ ប្រហុក​ ឬ​លៀស​ហាល​ដើម្បី​​​​យក​មក​លក់​ដែរ។ យើង​នឹង​ជួល​មនុស្ស​ឲ្យ​មក​ធ្វើ​ការ​កាន់​តែ​ច្រើន​ឡើង។ កន្លង​មក​ យើង​បាន​ពង្រីក​ម្ដង​ហើយ​ ប៉ុន្តែ​ដោយសារ​អ្នក​ខ្លះ​មិន​អាច​គោរព​តាម​គោល​ការ​របស់​យើងបាន​​ ដូច​ជា​ផឹក​ស្រា​ពេល​លក់​ដូរ​ ហើយ​ពេល​ខ្ញុំ​ស្ដី​បន្ទោស​ទៅ​ គេ​ក៏​សុំ​បែក​ទៅ​ធ្វើ​ជំនួញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​យក​ស្ទីល​​លក់​តាម​ខ្ញុំ​ទេ”។
ទោះ​បី​យ៉ាង​ណា​ បូរ៉ា​ថា​ ខ្លួន​នឹង​ធ្វើ​ឲ្យ​លៀស​ហាល​ ដែល​ជា​អាហារ​ខ្មែរ​មួយ​ប្រភេទ​ដែរ​ ត្រូវ​ចេញ​ជា​​រូប​រាង​នៅ​ឆ្នាំ​ក្រោយ។ អ្នក​លក់​ម៉ាំ​រូប​នេះ​បន្ថែម​ថា៖ “យើង​នឹង​ធ្វើ​ឲ្យ​ខុស​ពី​លៀស​ហាល​ដែល​លក់​តាម​រទេះ​រុញ​ គឺ​យើង​នឹង​ដាក់​ក្នុង​ទូ​កញ្ចក់​ និង​ផ្ដោត​ខ្លាំង​ទៅ​លើ​អនាម័យ។ យើង​ចាប់​ផ្ដើម​ពី​លៀស​ហាល​នេះ​សិន​ មុន​នឹង​ឆ្ពោះ​ទៅ​រក​អាហារ​ប្រភេទ​ផ្អាប់​ផ្សេង​ទៀត​របស់​ខ្មែរ​ ព្រោះ​លៀស​ហាល​នេះ​ ក៏​ប្រជាជន​និយម​ហូប​ដែរ”។
កាល​ពី​បើក​លក់​ដំបូង​តាម​កង់​ បូរ៉ា​ ថា​ខ្លួន​លក់​ម៉ាំ​ល្ហុង​តែ​១០​គីឡូ​ប៉ុណ្ណោះ​ ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​កន្លះ​ ទៅ​ពីរ​ថ្ងៃ។ ក្រោយ​ពី​ប្ដូរ​យុទ្ធ​សាស្ត្រ​ ដោយ​ទីនុយ​ឯក​សណ្ឋាន​ដូច​អ្នក​ធ្វើ​ការ​ធំ​ដុំ​ ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់​ ព្រម​ទាំង​បញ្ចេញ​បទ​ចម្រៀង​ផ្សព្វផ្សាយ​ពី ​ម៉ាំ​ល្ហុង​នេះ​ផង​ ការ​លក់​របស់​ខ្លួន​មាន​ការ​កើន​ឡើង។ បច្ចុប្បន្ន​ បូរ៉ា​ មាន​គ្នា​ប្រាំ​នាក់​ និង​លក់​ម៉ាំ​ល្ហុង​ប្រហែល​ជា​២២០​គីឡូ​ក្រាម​ តែ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ចំនួន​ល្ហុង​២២០​គីឡូ​ក្រាម​នេះ​ គេ​អាច​ធ្វើ​ម៉ាំ​បាន​ប្រហែល​ជា​៧០០​កញ្ចប់​ ហើយ​មួយ​កញ្ចប់​ៗ​ គេ​អាច​លក់​បាន​ថ្លៃ​ពីរ​ពាន់​រៀល។
បូរ៉ា​ថា​ នៅ​ពេល​លៀស​ហាល​របស់​ខ្លួន​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​ក្រោយ​ គេ​នឹង​បញ្ចេញ​បទ​ចម្រៀង​មក​ជាមួយ​ដែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​លៀស​ហាល​នេះ។
ថ្វីត្បិត​តែ​នេះ​ជា​ជំនួញ​​ដ៏​ប្លែក​ទី​មួយ​នៅ​ស្រុក​ខ្មែរ​​​ និង​មើល​ទៅ​ដូច​ជា​ស្រែ​ៗ​ តែ​ការ​ចេញ​ទៅ​លក់​នៅ​សង្កាត់​ណា​ និង​នៅ​ពេល​ណា​ សុទ្ធ​តែ​ត្រូវ​បាន​រៀប​ចំ​ទៅ​តាម​កាលវិភាគ​ទាំង​អស់​។ នេះ​បើ​យោង​តាម​ បូរ៉ា។
មិន​ បុង​ ដែល​បាន​សម្រេច​មក​លក់​ម៉ាំ​ល្ហុង​ពីរ​ឆ្នាំ​មក​ហើយ​ជា​មួយ​នឹង​ បូរ៉ា​ ដែរ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​​ខ្លួន​ពិត​ជា​ពិបាក​ធ្វើ​តាម​គោល​ការ​របស់​ជំនួញ​នេះ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្លៀក​ពាក់​ស្អាត​បាត​ និង​ចេះ​ធ្វើ​ឲ្យ​អ្នក​ទិញ​សប្បាយ​ចិត្ត។ ប៉ុន្តែ​ក្រោយ​មក​ គេ​ក៏​អាច​កាត់​បន្ថយ​ភាព​ខ្មាស​អៀន​នេះ​បាន។
បុង​ថា៖ “​ខ្ញុំ​លក់​មិន​ដាច់​មែន ​បើ​លក់​តាម​ធម្មតា​ ប៉ុន្តែ​ក្រោយ​ពី​បង​ គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ញញឹម​ញញែម​ ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់​ និង​ចេះ​រស​រាយ​រាក់​ទាក់​ ព្រម​ទាំង​ចេះ​ឲ្យ​អតិថិជន​សើច​ ឃើញ​ថា​ ម៉ាំ​ដែល​ខ្ញុំ​នាំ​យក​ទៅ​ម្ដង​១០០​កញ្ចប់​លក់​ដាច់​អស់​ៗ”។
អ្នក​លក់​ម៉ាំ​រូប​នេះ​រំពឹង​ថា​ គេ​នឹង​រួម​គ្នា​​ជា​មួយ​​ក្រុម​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​ កាន់​តែ​រីក​ចម្រើន​ឡើង​ និង​បើក​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​​នៅ​ពេល​ខាង​មុខ។
លោក​ ជា ប្រុស​ អ្នក​រត់​ម៉ូតូ​ឌុប​ ដែល​តែង​សង្កេត​ឃើញ​ បូរ៉ា​ ល្អែង​រុញ​ម៉ាំ​ល្ហុង​ដើរ​លក់​ក្បែរ​កន្លែង​គាត់​ផឹក​ស៊ី​ពេល​ល្ងាច​ជា​មួយ​ មិត្តភ័ក្ដិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ថ្លែង​ថា​ លោក​តែង​តែ​សើច​ពេល​អ្នក​លក់​រូប​នេះ​មក​ដល់​ក្បែរ​ខ្លួន​ ពីព្រោះ​លោក​ពុំ​ដែល​ឃើញ​អ្នក​លក់​ម៉ាំ​ល្ហុង​ណា​ស្លៀក​ពាក់​ដូច​តារា​បែប​ នេះ​នោះ​ទេ។
ជា​ ប្រុស​ថា៖ “​ខ្ញុំ​សើច​វា​ ប៉ុន្តែ​ខ្ញុំ​តែង​ជួយ​ទិញ​វា​រហូត។ ពេល​ទិញ​ម្ដង​ៗ​ ខ្ញុំ​តែង​ប្រាប់​វា​ថា​ ឲ្យ​ទៅ​ធ្វើ​តារា​ទៅ។ ប៉ុន្តែ​ឥឡូវ​មិន​ហ៊ាន​មើល​ងាយ​វា​ទេ​ មុខ​របរ​វា​ពិត​ជា​រីក​ចម្រើន​មែន ពី​ធាក់​កង់​ មក​ម៉ូតូ​ និង​មាន​គ្នា​ច្រើន​ផង”។
លោក​ថា​ បើ​ក្រុម​នេះ​ពង្រីក​ខ្លួន​ដោយ​មាន​អាហារ​ផ្អាប់​របស់​ខ្មែរ​ផ្សេង​ទៀត​មក​ លក់​ដែរ​​ លោក​ក៏​នឹង​ជួយ​ទិញ​ដែរ​ ពីព្រោះ​អាហារ​នេះ​ ខ្មែរ​​​មិន​ដែល​រើស​អើង​ឡើយ។
អ្នក​លក់​ជ្រក់​​ត្រសក់​ និង​ម៉ាំ​ល្ហុង​ នៅ​ផ្សារ​ដើម​គរ​ អ្នក​ស្រី​ មុំ​ ឲ្យ​ដឹងថា​ ​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​ម៉ាំ​ល្ហុង​របស់​ខ្លួន​បាន​ប្រហែល​ពី​២០​ទៅ​៣០​ គីឡូ​ក្រាម​ប៉ុណ្ណោះ​ បើ​ទោះ​បី​ជា​នៅ​កន្លែង​របស់​គាត់​ គឺ​ជា​គោល​ដៅ​ដែល​មនុស្ស​រាប់​រយ​នាក់​ទៅ​រក​ជា​ប្រចាំ​ថ្ងៃ​ក្ដី​ ដូច្នេះ​បើ​ក្រុម​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​លក់​បាន​ទៅ​ជាង​ពីរ​រយ​គីឡូ​ក្រាម ​ក្នុង​មួយ​ថ្ងៃ​នោះ​ អ្នក​ស្រី​យល់​ថា​ វា​ពិត​ជា​រឿង​អស្ចារ្យ​មែន​ទែន។
អ្នក​ស្រី​ មុំ​ថា៖ “បើ​ចង់​ធ្វើ​ដូច​ក្រុម​ហ្នឹង​ទាល់​តែ​ទាល់​ច្រក​សិន។ ធម្មតា​ម៉ាំ​ល្ហុង​រៀង​កក្លិកកក្លាក់​ទៅ​ហើយ ហើយ​ទៅ​ស្លៀក​ពាក់​ស្អាត​ទៀត​ មិន​ប្រឡាក់​ងាប់​​ទៅ​ហើយ​ទេ!”៕

ប្រភពពី News.sabay.com.kh

Proudly Powered by Blogger.