សម្លរ​ឆ្ងាញ់​គ្រឿង​ គ្រួសារ​រុងរឿង​ដោយសារ​ភរិយា​

by sovanmony  |  in សុខភាពនិងចំនេះដឹង at  6:42 PM






 
 ភ្នំពេញៈ​ សុភមង្គល​ក្នុង​គ្រួសារ​ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ស្វាមី​និង​ភរិយា​គ្រប់​រូប​ប្រាថ្នា​ចង់បាន​ ដោយសារ​ការ​យោគយល់​អធ្យាស្រ័យ​ដល់​គ្នា​ ការ​យកចិត្តទុកដាក់​គ្នា​ និង​ការ​ផ្គាប់ចិត្ត​គ្នា​ជាដើម​។​ ក្នុង​សង្គម​ខ្មែរ​ ភរិយា​ភាគច្រើន​មាន​តួរ​នាទី​សំខាន់​ក្នុង​ការ​ថែរក្សា​ និង​បង្កើន​នូវ​រសជាតិ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ តាម​រយៈ​ការ​រៀបចំផ្ទះ​សម្បែង​ និង​ចាត់ចែង​ម្ហូបអាហារ​ជូន​ស្វាមី​ខ្លួន​ ក្រោយ​ពេល​ដែល​គាត់​មក​ពី​ធ្វើការ​អស់កម្លាំង​ និង​ត្រូវការ​ម្ហូប​ឆ្ងាញ់ៗ​ដើម្បី​បំប៉នកម្លាំង​។​
យ៉ាងណាមិញ​ មាន​ភរិយា​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ឡើយ​ ដោយ​ពួក​គេ​បែរជា​ព្រងើយកន្ដើយ​នឹង​កិច្ចការ​ទាំងនេះ​ ដែល​គេ​អាច​ហៅ​ថា​ជា​វិធីសាស្ដ្រ​ចងចិត្ត​ប្ដី​នោះ​។​ ពួក​គេ​បាន​យក​ពេលទំនេរ​ទៅ​លេងល្បែង​ ឬ​អង្គុយ​ប្រជុំ​គ្នា​និយាយដើម​អ្នក​នេះ​អ្នក​នោះ​ ហើយ​ទុក​ឲ្យ​ផ្ទះ​របស់​ខ្លួន​មាន​ភាព​ស្កេ​ក​ស្កាក​ គ្មាន​សណ្ដាប់ធ្នាប់​ និង​ថែម​ទាំង​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ចាត់ចែង​ម្ហូបអាហារ​ដើម្បី​ បំប៉ន​ប្ដី​ទៀត​ផង​ ដោយពេល​ខ្លះ​ពួក​គេ​បែរជា​ទិញ​ម្ហូប​ស្រាប់​ឲ្យ​ប្ដី​ហូប​ទៅ​វិញ​។​
​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ចំៗ​ថា​ ស្រី្ដ​ជា​ភរិយា​ទាំងនោះ​ជា​ស្រី​កញ្ជើរ​ធ្លុះ​ និង​ធ្វើ​ឲ្យ​សុភមង្គល​ក្នុង​គ្រួសារ​ឈាន​ទៅ​រក​ភាព​រកាំរកូស​ និង​បែកបាក់​គ្នា​ជា​អសា​បង់​ទៀត​ផង​ ព្រោះ​សា្វ​មី​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​ភរិយា​មាន​ចរិយា​សម្បត្តិ​ល្អ​ និង​ចង់​រួមរស់​ជាមួយ​គ្នា​ដោយ​មាន​សេចក្ដីសុខ​ ប៉ុន្ដែ​នៅ​ពេល​ដែល​ពួក​គេ​មក​ធ្វើការ​អស់កម្លាំង​ ស្រាប់តែ​មិនដឹង​ថា​បាយ​ទឹក​នៅឯណា​ រសជាតិ​ម្ហូប​ក៏​មិន​ឆ្ងាញ់​ រីឯ​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​គឺ​មើល​មិន​យល់​ វា​ប្រៀប​ដូច​ជា​សម្បុក​សត្វ​ទៅ​វិញ​។​ កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​បុរស​ស្វាមី​មាន​ភាព​មួរ​ហ្មង​ក្នុង​ចិត្ត​ និង​អាច​មាន​ស្រី​លួចលាក់​នៅ​ខាងក្រៅ​ទៀត​ផង​ ព្រោះតែ​ភាព​នឿយណាយ​នឹង​ភរិយា​របស់​ខ្លួន​ ដែល​ជា​ស្រី​គ្មាន​មាយា​ទ​ ហើយ​ប្រសិនបើ​ស្រី​កំណាន់​របស់​គាត់​ពូកែ​ផ្គាប់ចិត្ត​ទៀត​នោះ​ សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​នឹង​បែកបាក់​ប្រេះឆា​ជាក់​ជា​មិន​ ខាន​។​
​ថ្វី​ត្បិត​តែ​រឿង​នេះ​ហាក់ដូចជា​រឿង​បន្ទាប់បន្សំ​ក្ដី​ ក៏​ប៉ុន្ដែ​ភរិយា​គ្រប់​រូប​គួរ​ក្ដោប​ក្ដាប់​ឱកាស​ឲ្យ​បាន​ល្អ​ កុំ​ឲ្យ​វារ​បូត​បាត់បង់​ ជា​ពិសេស​នៅ​ពេល​ដែល​ប្ដី​កំពុង​ពេញ​ស្រឡាញ់​ ហើយ​ប្រសិនបើ​ភរិយា​ទាំងនោះ​ចេះ​រៀបចំផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត​មាន​ របៀបរៀបរយ​ និង​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​ឲ្យ​ស្វាមី​ខ្លួន​ទៀត​នោះ​ ប្រាកដជា​ស្វាមី​របស់​ពួក​គាត់​មិន​អាច​ទៅ​រក​ស្រី​ផ្សេង​បាន​ឡើយ​ ត្បិត​ឆ្នាំងបាយ​ចាស់​វា​ឆ្ងាញ់​ ពេល​ប្ដី​ទៅ​ណា​ក៏​នឹករលឹក​អំពី​ផ្ទះ​និង​រសជាតិ​ម្ហូប​សព្វ​គ្រប់មុខ​ដែល​ ភរិយា​ខ្លួន​ធ្លាប់​ធ្វើ​ឲ្យ​ហូប​ វា​ប្រៀប​ដូច​ជា​ពាក្យស្លោក​មួយ​ដែល​ចាស់ៗ​តែង​ពោល​ថា​ “​សម្លរ​ឆ្ងាញ់​គ្រឿង​ គ្រួសារ​រុងរឿង​ដោយសារ​ភរិយា​”​។​ សន្យា​

Proudly Powered by Blogger.