ប្រភព Postkhmer
តារាចម្រៀង សុខ ពិសី តួឯករឿង «ព្រាយក្បាលប្រាំបី»។ រូបថត សេត គឹមសឿន
តារាចម្រៀងសុខ ពិសី បានស្ទុះឡើងប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែខណៈពេលកំពុងឡើងកូដស្រាប់តែតារារូបនេះបាត់វត្តមានឈឹងតែ ម្តង ដែលពេលនោះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ការបាត់វត្តមានរបស់សុខ ពិសី ដោយសារតែនាងមានផ្ទៃពោះ តែអ្វីៗត្រូវបានសុខ ពិសី បញ្ជាក់ក្រោយលេចមុខជាថ្មីថា ការបាត់មុខរបស់នាង ដោយសារតែនាងបានចេញទៅរៀនផ្នែកកែសម្ផស្សនៅប្រទេសសិង្ហបុរី។
ក្រោយវិលត្រឡប់តែក្នុងរយៈពេលមួយដ៏ខ្លី សុខ ពិសី ក៏មានឱកាសបានគ្រងតំណែងជាតួឯកក្នុងរឿង «ព្រាយក្បាលប្រាំបី» ដោយចាប់ដៃគូជាមួយនឹងតារាចម្រៀង ខេមរៈ សេរីមន្ត ជាថ្មី ហើយតាមរយៈរឿងនេះ ជាក្តីសង្ឃឹមមួយនៃការស្តារប្រជាប្រិយភាពរបស់នាងផងដែរ។ សុខ ពិសី បានឲ្យដឹងថា សម្រាប់ការទទួលបានតំណែងតួឯកនេះ នាងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីចិត្តតែម្តង។
សុខ ពិសី ធ្លាប់ចាប់ដៃគ្នាជាមួយនឹង ខេមរៈ សេរីមន្ត ថតរឿង «ព្រាយដែកគោល» ដែលតាមរយៈភាពយន្តមួយនេះបានធ្វើឲ្យផ្អើលអស់ទស្សនិកជនទាំងចាស់ ទាំងក្មេង។ ភាពជោគជ័យនេះ ត្រូវបានសុខ ពិសី បញ្ជាក់ឲ្យដឹងថា នោះបណ្តាលមកពីការប្រឹងសម្តែងឲ្យអស់ពីសមត្ថភាពរបស់នាង ខណៈដែលឈុតឆាកនៅក្រៅប្រទេសក៏ជាចំណែកដ៏សំខាន់មួយផងដែរ។
នាងបាននិយាយថា៖«ភាពជោគជ័យនោះ អ្វីដែលសំខាន់ គឺខ្ញុំបានខិតខំសម្តែងឲ្យអស់ពីសមត្ថភាព ហើយម្យ៉ាងមកពីយើងបានទៅសម្តែងនៅក្រៅប្រទេសផងនោះ»។
ដោយឡែកសម្រាប់ការថតរឿងខ្នាតធំទី២ «ព្រាយក្បាលប្រាំបី» នេះ សុខ ពិសី កាន់តែមានទំនុកចិត្តកាន់តែខ្លាំងឡើងថែមទៀត នៅពេលដែលនាងធ្លាប់សម្តែងយ៉ាងជោគជ័យម្តងជាមួយ ខេមរៈ សេរីមន្ត នោះ។ សុខ ពិសី បានបញ្ជាក់ប្រាប់ទាំងក្តីសង្ឃឹមយ៉ាងមុតមាំថា នាងគិតថា រឿងថ្មីនេះនឹងទទួលបានជោគជ័យខ្លាំងជាក់ជាមិនខាន ដោយនាងជឿជាក់លើទឹកភ្នែក ខេមរៈ សេរីមន្ត។
សុខ ពិសី បាននិយាយថា៖«អ្វីដែលពិសេសនោះ គឺ តួអង្គ ខេមរៈ សេរីមន្ត យំ ។ គាត់យំចេញមកយើងរំជួលចិត្ត អ្នកទស្សនារំជួលចិត្ត គាត់សម្តែងចូលតួតែម្តង អ៊ីចឹងហើយដើម្បីឲ្យល្អ យើងនឹងខិតខំប្រឹងប្រែងទាំងអស់គ្នា»។
សុខ ពិសី បានបន្ថែមថា៖«សម្រាប់រឿងនេះ ខ្ញុំគ្រាន់តែអានប៉ារ៉ូលខ្លះ សើចចុកពោះ វាបានបង្កប់ការអប់រំ កម្សត់ និង កំប្លែង ហើយអ្វីដែលប្លែកនោះគឺតារាចម្រៀងរបស់សាន់ដេទាំងអស់នាំគ្នាថតបែប កំប្លែងជាលើកទី១»៕