គណៈកម្មាធិការរៀប​ចំការ​បោះឆ្នោត​រាជធានី ចង់​ឱ្យ​អ្នក​ឃោសនា​ប្រកាន់​​​អាកប្បកិរិយា​​ថ្លៃថ្នូរ

by sovanmony  |  in ពត៌មានជាតិ at  7:10 PM

electionគណៈកម្មាធិការរៀបចំ ការ បោះឆ្នោត រាជធានីភ្នំពេញ​បានអំពាវនាវដល់ គណបក្ស​នយោបាយ និង​បេក្ខជន​តំណាងរាស្ត្រ​ ព្រមទាំង​ភាគី​ពាក់ព័ន្ធទាំង​​អស់ ជួយណែនាំ​ដល់​អ្នកចូលរួម​ឃោសនា​របស់​ខ្លួន ឱ្យ​ប្រកាន់​នូវ​អាកប្បកិរិយា​​ថ្លៃថ្នូរ នៅ​ក្នុង​កំឡុង​ពេល​ឃោសនា។ កន្លងមក គណៈកម្មាធិការ​ខាងលើ បាន​សង្កេត​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
ក្នុង​កំឡុងពេល​​ដែល​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​កំពុង​តែ​ដំណើរការ គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោតរាជធានីភ្នំពេញ បាន​​សង្កេត​ឃើញ​​មានកើតឡើង​នូវ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​​​នៅ​​ភ្នំពេញ ដោយ​មាន​យុវជន​ប្រមាណ​ជាង២០​នាក់ ខ្លះមាន​ពាក់​មួក ខ្លះ​ពាក់​អាវគណបក្ស និងក្រុមខ្លះទៀតមិនបានពាក់សញ្ញាសំគាល់​គណបក្ស​ទេ។ ពួក​គេ បាន​ជិះ​ទោចក្រយាន​យន្ត ជ្រែចុះ ជ្រែឡើង ក្នុងល្បឿនលឿន។ សកម្មភាព​ទាំងនេះ​​វាអាច​ធ្វើឱ្យ​​មាន​ការស្ទះ​ចរាចរណ៍​ ឬ​បង្ក​ជា​គ្រោះថ្នាក់​អ្នកដទៃ​ជាដើម។
ដោយ​សង្កេតឃើញ​បញ្ហា​ខាងលើ​ គណៈកម្មាធិការ​​រៀបចំ​​ការ​​បោះឆ្នោត​រាជធានី​ភ្នំពេញ​​ ចេញ​សេចក្ដី​ប្រកាស ​មួយ ដើម្បីអំពាវនាវដល់​គ្រប់គណបក្ស​នយោបាយទាំងអស់ ជួយ​ណែនាំ​​ដល់​ក្រុម​ឃោសនា​​របស់​ខ្លួន ឱ្យ​​ប្រកាន់​នូវ​ភាព​ថ្លៃថ្នូរ គោរព​គោលការណ៍​​​ប្រជាធិបតេយ្យ គោលការណ៍​សិទ្ធិ​មនុស្ស​ និង​គោរពក្រមសីលធម៌។ គោល​បំណង​ គឺ​ចៀសវាង​​នូវ​ភាព​អវិជ្ជមាន​​ទាំងឡាយ ដែល​អាច​បង្ក​ជា​អំពើ​ហិង្សា​ ក្នុង​កំឡុង​​ពេល​ឃោសនា។​
បន្ថែមលើនេះ​ដែរ គណៈកម្មាធិការ​ខាងលើ​ក៍​បាន​អំពាវ​ឱ្យ​អ្នកឃោសនាទាំងអស់ ជា​ពិសេស​ដល់​ក្រុម​យុវជន គោរពច្បាប់ចរាចរ​ផ្លូវគោក ដោយត្រូវពាក់​មួកសុវត្ថិភាព​និង​មិនត្រូវ​ពិសា​គ្រឿង​ស្រវឹង​ ក្នុងកំឡុងពេល ​​បើកបរ និង​ឃោសនាបោះឆ្នោត។
ទន្ទឹមនឹងលិខិត​អំពាវនាវ​ខាងលើដែរ សាលារាជធានីភ្នំពេញបានចេញ​បម្រាមមួយចំនួន នៅ​ក្នុង​ថ្ងៃ​១៦ កក្កដា​នេះ ផ្ញើ​​ទៅ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​​​បន្ត​​ដល់​អ្នកឃោសនា​បោះឆ្នោត ក្នុងកំឡុង​ប្រារព្ធពិធីបុណ្យ និងដង្ហែ​សព​លោកតា ហ៊ុន នាង បិតាបង្កើតរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅ​ក្នុង​បម្រាមដដែល មិនអនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំមហាជន និងហែ​ក្បួនឃោសនា​បោះឆ្នោត​ដែលមាន​បំពងសំឡេង នៅ​ក្នុង​កំឡុងពេលប្រារព្ធ​ពិធីបុណ្យសព ចាប់ពីថ្ងៃទី១៣ រហូត​ដល់​ថ្ងៃ​ទី​១៧​​ស្អែកនេះ នៅជុំវិញកំណាត់​ដងវិថីមួយចំនួន ជិត​ផ្ទះ​បុណ្យ ក្បែរ​វិមានឯករាជ្យ​ និង​មហាវិថី​មួយ​​ចំនួន​​ទៀត នៅ​ពេល​ដង្ហែ​​សព នា​ថ្ងៃទី១៧ កក្កដាស្អែកនេះ៕
ប្រភពពី RFI

Proudly Powered by Blogger.