ជន​មិន​ស្គាល់មុខ បាញ់​រះចូលទីស្នាក់ការ​ធំ​គណបក្ស​សង្គ្រោះ​ជាតិ​

by sovanmony  |  in ពត៌មានជាតិ at  6:36 PM

ភ្នំពេញ : មាន​ជន​មិន​ស្គាល់​មុខ បាន​បាញ់ ចូល​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ម្តុំ​ត្រ​ឡោ​ក​បែក ខាងជើង​ស្ពាន​អាកាស ៧ មករា នៅ​ស្តុប​ពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ហេតុការណ៍ ដែល​បាន​កើតឡើងកាលពី​ម៉ោង ៣ និង ៣០ នាទី ទៀប​ភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ គឺ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​ជន​ណា​ម្នាក់​ទេ​។ ប៉ុន្តែ​គ្រាប់កាំភ្លើងបាន​ទម្លុះ​ទ្វារ​កញ្ចក់ និង​របស់របរ​មួយចំនួន ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថ្កោលទោស ចំពោះ​អំពើ​បាញ់​ប្រហារ​ទី​ស្នាក់​ការគណបក្ស​សង្គ្រោះជាតិ ហើយ​ទាម​ទារ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់​ខ្លួន​ជន​មិន​ស្គាល់​មុខ​នោះ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា "អំពើបាញ់ប្រហារនោះ ជា​ការ​បំភិត​បំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង ក្នុង​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត"។

ប៉ូលិស និង​អ្នក​កាសែត នាព្រឹក​នេះ បាន​ទៅត្រួតពិនិត្យ នៅ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅផ្ទះលេខ៧២-៧៤ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ អំពើបាញ់ប្រហារនោះ សំដៅទៅលើអ្នកស្នាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ តែមិនត្រូវទេ៕

ប្រភពដើម : CEN

Proudly Powered by Blogger.