សមាគម​គ្រូបង្រៀន​ស្នើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បើក​ប្រាក់​ឲ្យ​ទៀងទាត់

by sovanmony  |  in ពត៌មានជាតិ at  7:09 PM

rong_chhun_305bសមាគម ​គ្រូបង្រៀន និង​សមាគម​មន្ត្រី​រាជការ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​អាណត្តិ​ថ្មី ត្រូវ​យក​ចិត្ត​ទុក​ដាក់​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​ឲ្យ​បាន​ទៀង ​ទាត់​តាម​ខែ​និមួយៗ កុំ​ឲ្យ​យឺត​ពេល​ដូច​រដ្ឋាភិបាល​មុនៗ។ មន្ត្រី​រាជការ​បាន​រិះគន់​ថា សព្វថ្ងៃ​នេះ ប្រាក់​បៀវត្ស​របស់​ពួក​គាត់ ក្រៅ​ពី​បើក​មិន​បាន​ទៀង​ទាត់ ថែម​ទាំង​ត្រូវ​ថ្នាក់​លើ​របស់​ខ្លួន​កាត់​ប្រាក់​ខែ​ដោយ​គ្មាន​មូលហេតុ​ ទៀត។
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ផ្ញើ​លិខិត​ជូន លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ជួយ​បើក​ប្រាក់​ខែ និង​ទប់ស្កាត់​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​ពី​គ្រូបង្រៀន​នៅ​តាម​រាជធានី​ ខេត្ត​មួយ​ចំនួន។
លិខិត​ចុះ​ថ្ងៃ​ទី១៦ ខែ​កក្កដា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចុះ​ហត្ថលេខា​ដោយ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូបង្រៀន​តាម​ខេត្ត​ខ្លះ​មាន​ខេត្ត​រតនគិរី ជាដើម មិន​ទាន់​បើក​ប្រាក់​បៀវត្ស​ខែ​មិថុនា ទេ គិត​មក​ដល់​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៣។
លិខិត​ដដែល​បាន​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូបង្រៀន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​១​ត្រីមាស ផ្តល់​ជូន​គ្រូបង្រៀន​ចំនួន ៦​ម៉ឺន​រៀល ក៏​ត្រូវ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​និមួយៗ កាត់​យក ១​ម៉ឺន​រៀល សរុប​បី​ត្រីមាស កាត់​អស់ ៣​ម៉ឺន​រៀល ដោយ​គ្មាន​ការ​ឯកភាព​ពី​គ្រូបង្រៀន។
ផ្ដើម​ពី​ភាព​មិន​ប្រក្រតី​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី ត្រូវ​គិតគូរ​ពី​ជីវភាព​របស់​មន្ត្រី​រាជការ គ្រូបង្រៀន និង​ត្រូវ​បើក​ប្រាក់​បៀវត្ស​ឲ្យ​បាន​ទៀង​ទាត់​តាម​ខែ​និមួយៗ។ លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​រាជការ ឬ​គ្រូបង្រៀន ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា តាម​ឆន្ទៈ​រៀងៗ​ខ្លួន។
លោក រ៉ុង ឈុន៖ «មាន​តែ​វិធី​មួយ​ទេ យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដើម្បី​កុំ​ឲ្យ​មាន​ភាព​អសកម្ម​ការ​បើក​ប្រាក់​បៀវត្ស​មិន​បាន​ទៀង​ពេល​វេលា ហើយ​បញ្ហា​កាត់​លុយ​អី សូម​ឲ្យ​លុប​បំបាត់។ គឺ​សន្លឹក​ឆ្នោត​លោកគ្រូ​អ្នកគ្រូ​មួយ​សន្លឹក​ហ្នឹង សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី២៨ ហ្នឹង គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ។ យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទៅ យើង​មិន​ត្រូវ​ទុក​បន្ត​អ្នក​ដឹកនាំ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​បែប​ហ្នឹង​ នៅ​បន្ត​ទៀត​ទេ»
លោក រ៉ុង ឈុន បាន​ចាត់​ទុក​ករណី​កាត់​ប្រាក់​ខែ​របស់​គ្រូបង្រៀន ឬ​មន្ត្រី​រាជការ​តាម​ស្ថាប័ន​នានា ថា​ជា​អំពើ​ពុក​រលួយ និង​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​គ្រូបង្រៀន ឬ​មន្ត្រី​រាជការ។
គ្រូបង្រៀន​មិន​បង្ហាញ​អត្តសញ្ញាណ​នៅ​ខេត្ត​រតនគិរី ម្នាក់ ស្ថិត​ក្នុង​ចំណោម​គ្រូបង្រៀន​ច្រើន​ទៀត បាន​រិះគន់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ និង​រដ្ឋាភិបាល​ថា សូម្បី​ប្រាក់​បៀវត្ស​របស់​គ្រូបង្រៀន ក៏​បើក​មិន​បាន​ទៀង​ទាត់​តាម​ខែ​និមួយៗ។
គ្រូបង្រៀន​រូប​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ជាប់​ឆ្នោត​អាណត្តិ​ទី៥ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បើក​ប្រាក់​ខែ​ជូន​គ្រូបង្រៀន​ឲ្យ​បាន​ទៀង​ទាត់ និង​មិន​ត្រូវ​កាត់​ប្រាក់​បៀវត្ស​គ្រូបង្រៀន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ៖ «សូម ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ឈ្នះ​ឆ្នោត​អាណត្តិ​ទី៥ សូម​ឲ្យ​កែ​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ទាំងអស់ រួម​ទាំង​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ផង។ ក្បាល​ម៉ាស៊ីន​ដែល​បក្ខពួក​និយម និង​ពុក​រលួយ​សព្វថ្ងៃ​នេះ​ចោល។ រាល់​ថ្ងៃ​នេះ ប្រាក់​ខែ​គ្រូ​បើក​អត់​បាន​ទៀង​ទាត់​ទេ សូម​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​ហ្នឹង បើក​ប្រាក់​ខែ​ឲ្យ​បាន​ទាន់​ពេល​នៅ​តាម​ខេត្ត​នានា ដែល​គាត់​មាន​ការ​លំបាក ជា​ពិសេស គ្រូបង្រៀន​នៅ​តាម​ស្រុក​តែ​ម្តង»
ទាក់ទិន​បញ្ហា​នេះ លោក ភួង សុវណ្ណ ប្រធាន​ក្រុម​ការងារ​សហជីព​សេវាកម្ម​អាស៊ាន ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​គណៈកម្មាធិការ​នាយក​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ត្រូវ​ជំរុញ​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​ឲ្យ​បាន​ទៀង​ទាត់​ដែរ។
ជាង​នេះ រដ្ឋាភិបាល ឬ​តាម​ក្រសួង​ស្ថាប័ន​និមួយៗ ត្រូវ​បញ្ឈប់​កាត់​ប្រាក់​បៀវត្ស ឬ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ពី​បុគ្គលិក​មន្ត្រី​រាជការ​ត​ទៅ​ទៀត។ លោក​រិះគន់​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃ នៅ​គ្រា​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​នៅ​មាន​ចំនួន​តិច​នោះ តែ​បែរ​ជា​បើក​មិន​បាន​ទៀង​ទាត់ និង​មាន​កាត់​ប្រាក់​បៀវត្ស​ថែម​ទៀត៖ «ចាំបាច់ ​ប្រាក់​បៀវត្ស​ហ្នឹង​ហើយ ត្រូវ​បើក​ឲ្យ​បាន​ទៀង​ទាត់។ ប៉ុន្តែ បើ​ថ្នាក់​ដឹកនាំ​ថ្នាក់​លើ បើ​ពុក​រលួយ​បាន គាត់​ចង់​បើក​យឺត​ក៏​បើក​ទៅ។ តែ​សម្រាប់​បុគ្គលិក​ធម្មតា ត្រូវ​បើក​ឲ្យ​បាន​ទាន់​ពេល​វេលា។ ក្រៅ​ពី​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​កាត់​ប្រាក់​ចំណាយ​ផ្សេងៗ​របស់​មន្ត្រី ​រាជការ​ទៅ​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ក្នុង​ស្ថាប័ន​ពី​លើ​ដល់​ក្រោយ​ហ្នឹង គឺ​កុំ​ឲ្យ​កាត់​ជា​ភាគរយ​ដូច​សព្វ​ថ្ងៃ»
មន្ត្រី​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំនួន​មន្ត្រី​រាជការ​សរុប​នៅ​ទូទាំង​ប្រទេស មាន​ចន្លោះ​ពី ១៨​ម៉ឺន​នាក់ ទៅ ២០​ម៉ឺន​នាក់៕
ប្រភពពី RFA

Proudly Powered by Blogger.