គ.ជ.ប​​.ចេញ​​​​បំភ្លឺ​​ស្តីពី​​ការផ្អាក​​វិទ្យុ​មិន​ឲ្យ​ផ្សាយ​​បន្ត ​និង​ការ​ហាម​​ផ្សព្វផ្សាយ​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត

by sovanmony  |  in ពត៌មានជាតិ at  7:54 PM


ដើម្បី​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​នូវ​ការយល់​ច្រឡំ​មួយចំនួន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប.​បាន​ចេញ​​សេចក្តី​បំភ្លឺ​មួយ ចុះ​ថ្ងៃ​ទី​១៧​កក្កដា​ម្សិលមិញ។
ដោយ​បាន​លើកឡើង​ថា សូម​កុំឲ្យ​សាធារណ​ជន​មួយចំនួន​យល់ច្រឡំ​ថា គ.ជ.ប.​ជា​អ្នក​ផ្អាក​វិទ្យុ​មិន​ឲ្យ​ផ្សាយ​បន្ត​ក្នុង​​អំឡុង​​ពេល​​បោះ​ ឆ្នោត និង​កុំ​យល់ច្រឡំ​ថា​.គ.ជ.ប.​ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​ផ្សាយ​​ព័ត៌​មាន​​ពាក់​ព័ន្ធ​​នឹង​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រយៈពេល៥ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត ​និង​ថ្ងៃ​រាប់​សន្លឹកឆ្នោត។
ពាក់ព័ន្ធ​នឹង​ករណី​យល់ច្រឡំ​ទាំងពីរ​ខាងលើនេះ គ.ជ.ប សូម​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​ឲ្យបាន​ជ្រាបថា គ.ជ.ប មិន​បាន​ផ្អាក​វិទ្យុ​មិនឲ្យ​ធ្វើ​ការផ្សាយ​បន្ត​នោះ​​ទេ​។
​ផ្ទុយទៅវិញ គ.ជ.ប បានចេញ​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​គោលបំណង ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុងនោះ​គ.ជ.ប.​បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្សាយ​ព័ត៌មាន​ទាំងអស់​ត្រូវតែ​ផ្តល់​ព័ត៌មាន និង​ការអប់រំ អំពី​ការ​បោះឆ្នោត​ដែល​ងាយ​យល់ និង​មាន​អព្យាក្រឹត្យ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។
​ម្យ៉ាងទៀត គ.ជ.ប លើកឡើងថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នកគ្រប់គ្រង ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​លទ្ធភាព​ចូលរួម​បោះឆ្នោ​ត និង​ចាត់​ទុក​ព័ត៌មាន​អំពី​ការបោះឆ្នោត ជា​ព័ត៌មាន​អាទិភាព​។​
គ.ជ.ប បាន​គូសបញ្ជាក់ថា ចំពោះ​ការហាម​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​៥ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​បោះឆ្នោត​ដែល​មានចែង​ក្នុង​បទបញ្ជា និង​នីតិ​វិធី ​សម្រាប់​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ ​ជំពូក​៧ ចំណុច ៧.៥.២​សំដៅ​ដល់​ការធ្វើ និង​ហាម​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​ទាក់​ទង​​នឹង​​ដំណើរ​​ការ​បោះ​ ឆ្នោត​​តែ​​ប៉ុណ្ណោះ​។
ចំណែក​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​មាន​​សិទ្ធិ​​ធ្វើ​ការ​​ផ្សព្វផ្សាយ​ ​លទ្ធ​ផល​ដែល​​ខ្លួន​​ទទួល​បាន​។​
​នៅក្នុង​សេចក្តី​ប៉​ភ្លឺ​នោះ​ផង​ដែរ គ.ជ.ប ក៏​បាន​ប្រកាស​ពី​ចំនួន​បណ្តឹង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​គិត​​ចាប់​ពី​ថ្ងៃ​​ទី​២៧​​​ មិថុនា មក​ត្រឹម​​ថ្ងៃទី​១៦​ ​កក្កដា មាន​​បណ្តឹង​នៅ​ថ្នាក់​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ ចំនួន​២៣៩​បណ្តឹង។
ក្នុងនោះ​នៅ​ថ្នាក់​គណៈកម្មការ​រាជធានី​ខេត្ត រៀបចំ​ការបោះឆ្នោត​មាន ៦៦បណ្តឹង និង​នៅ​ថ្នាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គជប​មាន​ចំនួន​១២​ បណ្តឹង​៕

By : khmeronlinenews

Proudly Powered by Blogger.